ភ្នំពេញ ៖ ក្នុងជំនួបទ្វេភាគីរវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថោង ខុន លើកឡើងថា កម្ពុជាពិតជាចង់បានភ្ញៀវទេសចរជប៉ុន មកទស្សនាកម្ពុជាឡើងវិញឱ្យបានច្រើន ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង។

ក្នុងជំនួបពិភាក្សានេះ ស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-ជប៉ុន ពិសេស ទេសចរចាក់វ៉ាក់សាំង ដែលរៀបនៅស្ថានទូតជប៉ុនរាជធានីភ្នំពេញ ហើយថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ បាននិងកំពុងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះ សម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើន។
ទាក់ទងនឹងភ្ញៀវទេសចរណ៍រវាងកម្ពុជា-ជប៉ុននេះទៀត លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យមានការបើកជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុនបន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេសសម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាក្នុងបរិបទកូវីដ-១៩នេះ។ ដូចជា ការធ្វើដំណើរមកកាន់សៀមរាបហើយ អាចបន្តធ្វើដំណើរបានដោយទូលំទូលាយទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតដែលបានកំណត់។

គួរបញ្ជាក់ឡើងវិញថា ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនាពេលថ្មីៗនេះ បង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចសាធារណជន ថា កម្ពុជាបានបើកតំបន់គោលដៅសុវត្ថិភាពចំនួន ៣គោលដៅ រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ , ហើយតំបន់សៀមរាបអង្គរ ក៏នឹងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
សម្រាប់ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាវិញ បានថ្លែងថា លោកគាំទ្រកម្ពុជាដែលបានអញ្ជើញ ភ្ញៀវ ក្រុមហ៊ុនទេសចរណ៍ជប៉ុន និងអ្នកសារព័ត៌មានជប៉ុន ចូលរួមវេទិកាទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ, ហើយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ដូចជា ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ កសិ-ទេសចរណ៍ ទេសចរណ៍សុខភាព និងផាសុកភាព ទេសចរណ៍ផ្ទះទី២ ដែលប្រទេសជប៉ុនមានភាពល្បីពីផ្នែកទាំងនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









