ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទោស បុរសជាប់ចោទម្នាក់ ដែលជាអតីតសកម្មជនប្តូរផ្តាច់របស់គណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការជេរប្រមាថព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និង សម្តេច តេជោហ៊ុនសែន តាមរយៈការកាត់តរូប និង បង្ហោះតាមសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ព្រះនាម និង កិត្តិយស របស់អង្គព្រះមហាក្សត្រ និង ថ្នាក់ដឹកនាំកំពូលជាតិ ប្រព្រឹត្តនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីអំឡុង ខែ វិច្ឆិកា ឆ្នាំ ២០២០។

លោកសេង ស៊ីវុត្ថា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ លី សុខុម ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ( ស្ថិតនៅក្នុងឃុំ) មានទីលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកចៅក្រមបានថ្លែងថា ជនជាប់ចោទឈ្មោះ លី សុខុម ត្រូវ ត្រូវបានសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ«ប្រមាថអង្គ ព្រះមហាក្សត្រ និង ញុះញង់អោយប្រព្រឹត្តបទឧ.ក្រិដ្ឋជាអាទិ៍» តាមបញ្ញតិ្តមាត្រា ៤៣៧ ស្ទួន មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
លោកចៅក្រមបានថ្លែងបន្តថា ក៏ប៉ុន្តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្តកណ្ដាល
កាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ និង សុំទម្លាក់បទចោទប្រកាន់។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីគាត់បានកាត់តរូបភាព របស់ព្រះមហាក្សត្រ និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះហ្វេសប៊ុក និង បានជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលជំនាញ, នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០, ឈ្មោះ លី សុខុម បានបង្ហោះរូបថតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សរសេរអក្សរជាភាសាខ្មែរ ដែលមានខ្លឹមសារថា ” នេះគឺជាសម្ដេចចោរម្សៀត និង អាមេដឹកនាំឆ្កែ ហើយទាំងអស់នេះ គឺជាពួកឆ្កែតាមស៊ីអាចម៍អាសែន” ។ និង សរសេរទៀតថា ” អាមេដឹកនាំ កំណើតឆ្កែ “។
លុះនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០, ឈ្មោះ លី សុខុម ក៏បានធ្វើការបង្ហោះរូបថត ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និង បានសរសេរអក្សរជាភាសាខ្មែរ ដែលមានខ្លឹមសារថា ” អាស្តេចមុខឆ្កែ ស្តេចក្បាលម៉ែវាអី អាចុយម្រាយនេះ អាឆ្កែបំបង់បាយខ្មែរ អាចិត្តឆ្កែ តិរច្ឆាន ធ្វើស្តេចដើម្បីបម្រើចោរយួន”។
នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ លី សុខុម បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ និង និយាយថា អាខោនហ្វេសប៊ុករបស់គាត់ ត្រូវបានគេហែក នៅពេលនោះ និង សរសេរសារ ដូចខាងលើ។ តែគាត់មិនសរសេរ ឬ កាត់ត ឬ បង្ហោះ រួបរបស់ព្រះមហាក្សត្រ ឬ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន នោះទេ៕ រក្សាសិទ្ធិដោយ ៖ ច័ន្ទា ភា


