ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជា បានថ្លែងបញ្ជាក់ថា «ក្នុ្ងងនាមជាប្រទេសបញ្ចេញឧស្មនផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈ ១) បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០ មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់យើង ២) មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី ៣) មិនសាងសង់ទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ ៤) កាត់បន្ថយការបាត់បង់ព្រៃឈើ ត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័ន ពីព្រៃឈើត្រឹមឆ្នាំ២០៤០»។

ការបញ្ជាក់នេះ បានឡើងក្នុងឱកាសថ្លែងសេចក្តីថ្លែងការណ៍ កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម សាយ សំអាល់បានលើកឡើងថា នេះគឺជាការជួបជុំដែលមិនធ្លាប់មាន ពីមុនមករបស់យើង ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ និងដោយសារតែការប្រែប្រួលអាកាសធាតុ លែងជាពាក្យចចាមអារ៉ាមទៀតហើយ។ ការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំងឺរាតត្បាតសកលផងដែរ មិនបញ្ឈប់ត្រឹមព្រំដែនរបស់យើងទេ ហើយវត្តមានរបស់យើងនៅទីនេះ ជាសញ្ញាដែលធានាថា ក្នុងនាមជាមេដឹកនំាពិភពលោក យើងមិនបោះបង់ការទទួលខុសត្រូវរួមរបស់យើង ចំពោះសកម្មភាពអាកាសធាតុទេ។

ឯកឧត្តមបានគូសបញ្ជាក់ថា ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ នៅតែមិនទាន់គ្រប់គ្រាន់ តាមតម្រូវការនៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្ស៊ាំ ដែលយើងឃើញថានៅតែមានការលំបាក ក្នុងការទទួលបាន សម្រាប់ប្រទេសដែលងាយរងគ្រោះបំផុត ដោយសារអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀត ក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់»។
សូមបញ្ជាក់ថា កម្ពុជាបានដាក់ជូននូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២% ត្រឹមឆ្នំា ២០៣០។ ជាងនេះកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


