ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង កាលពីយប់ ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានសម្រេចដោះលែង លោកឧកញ៉ា លី សាយឃាង អោយមានសេរីភាពវិញ បន្ទាប់ពី បញ្ចប់ការសាកសួរ នៅឯតុលាការ តែត្រូវដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យ ពីតុលាការ ក្រោមការចោទប្រកាន់ពីបទ: រំលោភលើទំនុកចិត្ត និង បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីអំឡុងឆ្នាំ២០២១៨ និងអំឡុងឆ្នាំ២០១៩។

សមត្ថកិច្ចនគរបាលនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោកឧកញ៉ា លី សាយឃាង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅខេត្តសៀមរាប រួចត្រូវបានបញ្ជូនខ្លួន មកកាន់ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់។
លោកឧកញ៉ា សាយឃាង ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពី រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ។

យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ សេង លាង ចុះ កាលបរិច្ឆេទ រលេខ ៣៦៥០ ចុះថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២១ បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានស្រុកកំណើតនៅឃុំថ្មស ស្រុកគិរីសាគរ ខេត្តកោះកុង និងមានទីលំនៅផ្ទះលេខ៥៣ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ បទល្មើស ដែលមាន មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ , សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ, លោកឧកញ៉ា លី សាយឃាង មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


