ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជិតមកដល់ហើយ , រាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបោះពុម្ភផ្សាយរួមគ្នា នូវសៀវភៅមានចំណងជើងថា «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM»។

ឯកឧត្តម បានបន្តថា ដើម្បីបន្ស៊ីជាមួយមូលបទរបស់យើង «ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួម» សៀវភៅនេះ គូសបញ្ជាក់ពីសារៈសំខាន់នៃវិធីសាស្រ្ត និងសកម្មភាពរួម រវាងបណ្តាប្រទេសនៃទ្វីបអាស៊ី និងអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ព្រមទាំងឆ្ពោះទៅកាន់អនាគតរួមគ្នា។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថាការតភ្ជាប់នៅតែស្នូលនៃដំណើរការ ASEM ។
ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងឱកាសកម្មវិធីផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ “កិច្ចបជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បី អនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM” នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០ ព្រឹក
ប្រមុខការទូតកម្ពុជា បានលើកឡើងថា ចាប់ពីថ្ងៃនេះ យើងមានរយៈពេលមិនដល់ពីរសប្តាហ៍ទេ ប្រទេសកម្ពុជានឹងមាន កិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី 13 (ASEM13) ដែលនឹងប្រព្រឹត្ត ទៅតាមប្រព័ន្ធវីដេអូ ហើយដោយឆ្លៀតយកឱកាសនាថ្ងៃនេះ រៀបចំពិធីផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូល ASEM13 ក្រោមចំណងជើង ថា “កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីអនាគតដែលមាន ភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM”។ សៀវភៅនេះ គឺជាការបោះពុម្ពផ្សាយរួមគ្ន រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយទទួលបានការសាទរយ៉ាងខ្លាំង ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកសាស្ត្រាចារ្យ ហ៊ីដេតុស៊ី នីស៊ីម៉ូរ៉ា ប្រធានវិទ្យាស្ថាន ERIA សម្រាប់ ការប្តេជ្ញាចិត្ត និងការគាំទ្ររបស់លោកសាស្ត្រាចារ្យចំពោះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រមួយនេះ។ លោកស្រី អានីតា ប្រាកាស (Anita Prakash) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ERIA និងបណ្ដាអ្នកនិពន្ធទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការ សិក្សាស្រាវជ្រាវ និងសរសេរអត្ថបទវិភាគស៊ីជម្រៅនៅក្នុងសៀវភៅនេះ។ ក្រុមការងារលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំ ASEM13 របស់ក្រសួងការបរទេស ដែលបានផ្តល់មតិយោបល់ និងធាតុចូលដ៏សំខាន់ ដើម្បីដឹកនាំដំណើរការនៃការតាក់តែង សៀវភៅនេះ រហូតបានបញ្ចប់ជាស្ថាពរ។
ដូចដែលលោកសាស្ត្រាចារ្យ ហ៊ីដេតុស៊ី នីស៊ីម៉ូរ៉ា បានបញ្ជាក់ពីខាងដើមរួចមកហើយថា សៀវភៅនេះមានគោលបំណងបង្ហាញនូវមហិច្ឆតារបស់ ASEM ក្នុងការត្រួសត្រាយផ្លូវរបស់ស្ថាប័នមួយនេះ តាមរយៈកាលានុវត្តភាព និងបញ្ហាប្រឈមទូទៅនានានៅក្នុងពិភពលោកដែល កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ សំដៅសម្រេចបានអនាគតមួយ ប្រកបដោយបរិយាប័ន្ន ចីវភាព ភាពធន់ និងផ្អែកលើវិធានច្បាប់សម្រាប់ ASEM។ សៀវភៅនេះក៏ បានគូសបញ្ជាក់ជាចម្បងលើមាគ៌ាធ្វើឱ្យប្រសើរឡើងវិញ នូវពហុភាគីនិយមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ឱ្យបានកាន់តែប្រសើរ និងរឹងមាំថែមទៀត។ សៀវភៅនេះបានរួមបញ្ចូល នូវការគិតគូដ៏ហ្មត់ចត់តាមរយៈអត្ថបទនានា ដែលផ្តោតលើទិដ្ឋភាពសំខាន់ៗ ដោយរាប់ចាប់ពី ការតភ្ជាប់ផ្នែកនយោបាយ និងរូបវ័ន្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការតភ្ជាប់រវាង ស្ថាប័ន និងប្រជាជន រហូតដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ សៀវភៅនេះទៀតសោតក៏ផ្តល់ នូវគំនិតល្អៗជាច្រើន ដើម្បីជម្រុញ ASEM ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលនាពេលខាងមុខ។

ឯកឧត្តមជឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅនេះនឹងក្លាយជាសមិទ្ធផលមួយក្នុង ចំណោមសមិទ្ធផលសំខាន់ជាច្រើនទៀតនៃកិច្ចប្រជុំកំពូល ASEM13 ពោលគឺការបោះពុម្ភផ្សាយនេះ អាចផ្តល់នូវធាតុចូលដ៏មានតម្លៃជាច្រើនសម្រាប់ដៃគូ ASEM និងភាគីពាក់ព័ន្ធនានា ធ្វើការរួមគ្នា យ៉ាងមានប្រសិទ្ធភាព ដើម្បីប្រែក្លាយ ASEM ទៅជាសហគមន៍មួយប្រកបដោយថាមវ័ន្ត មានភាពធន់ និងចីរភាព សម្រាប់ប្រជាជនក្នុងតំបន់អាស៊ី និងអឺរ៉ុប ក្នុងរយៈពេល២៥ឆ្នាំខាងមុខនេះ និង ទៅអនាគត។
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈ ស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងបណ្ដាប្រទេសនៃទ្វីបទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ASEM មិនធ្លាប់ជួបប្រទះក្នុងការដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និង សុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិតពិភពលោកដូចបច្ចុប្បន្ននេះទេ។ ជំងឺរាតត្បាតកូវីដ-១៩ បង្ហាញឱ្យឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូល ASEM13 គឺ “ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួម” គឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានជ្រាបចូលគ្រប់ផ្នែកទាំងអស់នៃសង្គមរបស់យើង ហើយការស្តារឡើងវិញពីជំងឺនេះគឺជា ដំណើរដ៏វែងឆ្ងាយ និងលំបាកយ៉ាងពិតប្រាកដ។ អនាគតមិនមានភាពប្រាកដប្រជាឡើយ ហើយសៀវភៅនេះបានគូសបញ្ជាក់ពីសកម្មភាពរួមគ្នាលើកកម្ពស់ពហុភាគីនិយម តាមរយៈមធ្យោបាយ កាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតនេះ។
ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺជាឱកាសពិសេសសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយជាវេទិកាមួយសម្រាប់ ថ្នាក់ដឹកនាំ ASEM ទាំងអស់ ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកល មានជាអាទិ៍៖ សុខភាព សាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហា ការងាររបស់យុវជន និងយេនឌ័រ ជាដើម ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀត។
ការសង្កត់ធ្ងន់លើការតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប តែងតែជាវិស័យអាទិភាពមួយ របស់ SEM ដូច្នេះ នេះគឺជាពេលវេលា ដែលយើងត្រូវប្រែក្លាយការប្ដេជ្ញាចិត្តទាំងនេះទៅជា សកម្មភាពជាក់ស្តែង។ ជាចុងក្រោយ ទ្វីបទាំងពីរចាំបាច់ត្រូវផ្តោតលើអភិក្រមរួមមួយ ដើម្បីឱ្យការតភ្ជាប់អាស៊ី-អឺរ៉ុប ក្លាយជាស្ពានតភ្ជាប់ទ្វីបទាំងពីររបស់យើងលើគ្រប់វិស័យទាំងអស់៕រក្សាសិទ្ធិដោយ ៖ កូលាប







