ភ្នំពេញ ៖ ក្មេងស្រីអាយុទើបតែ១ខួប៦ខែម្នាក់ ធ្លាក់ចូលក្នុងធុងជ័រសម្រាប់ត្រងទឹក ក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង បណ្តាលឲ្យបាត់បង់ជីវិត កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលមួយកន្លែង នៅចំណុចភូមិទួលថ្លាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះ លី ឆៃជីង អាយុ១ឆ្នាំ៦ខែ ស្នាក់នៅជាមួយ និងឪពុកម្តាយនៅចំណុចកើតហេតុខាងលើ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងស្រីរងគ្រោះ បានទៅផ្សាររួចទុកកូនឲ្យនៅបន្ទប់ជួល ចំណែកបុរសជាឪពុកបាននៅដេកលេង ក្នុងបន្ទប់របស់ខ្លួន ដោយស្មានតែប្រពន្ធរបស់គាត់ យកកូនស្រីទៅផ្សារជាមួយគ្នា លុះស្ត្រីជាម្តាយត្រឡប់មកពីផ្សារវិញ អត់ឃើញកូនស្រីរបស់គាត់ នៅបន្ទប់ជាមួយឪពុក ក៏បានដើររកកូនស្រីនៅបន្ទប់ប្អូនស្រីគាត់ម្នាក់ទៀត ដែលនៅជិតបន្ទប់របស់គាត់ ក៏បានប្រទះឃើញកូនស្រី ធ្លាក់ចូលទៅក្នុងធុងជ័រ សម្រាប់ត្រងទឹកនៅបន្ទប់ទឹក របស់ប្អូនស្រីគាត់ស្លា.ប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលស្រែកទ្រហ៊ោយំ ស្តាយកូនស្រីជាទីស្រឡាញ់ និងបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ចុះមកធ្វើការហ៊ុំព័ទ្ធនៅជុំវិញកន្លែងកើតហេតុ និងបានរាយការណ៍បន្ត ទៅការិយាល័យបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពនៅកន្លែងកើតហេតុ។

ក្រោយពេលពិនិត្យសពក្មេងស្រីរងគ្រោះខាងលើរួចហើយ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពក្មេងស្រីនេះ ពិតជាធ្លាក់ចូលទៅក្នុងធុងទឹក ឈ្លក់ស្លា.ប់ពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម



