Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអតិថិជន ចាញ់បោ.កក្រុមហ៊ុន GFX សុំអន្តរាគមន៍ពីគណៈកម្មការមូលបត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ​ ៖ ក្រុមអតិថិជនដែលចាញ់បោ.កក្រុមហ៊ុន ហ្គោលអេហ្វអ៊ិកស៍ អ៊ិនវេសម៉ិន (GoldFX Investment Co., Ltd) បានទទូចសុំអន្តរាគមន៍គណៈកម្មការមូលបត្រកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យជួយរកយុត្តិធម៌ជូនពួកគាត់ផង ពីព្រោះមកដល់ពេលនេះ ពួកគាត់នៅមិនទាន់ទទួលបានដំណោះស្រាយ ពីក្រុមហ៊ុននៅឡើយទេ។ ហើយពេលនេះ ពួកគាត់បានជួបបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ និងជាពិសេសជំពាក់លុយធនាគារ ដោយសារតែខ្ចីលុយយកមកដាក់វិនិយោគជាមួយក្រុមហ៊ុន GFX។

ថ្នាក់ដឹកនាំក្រុមហ៊ុនហ្គោលអេហ្វអ៊ិកស៍ អ៊ិនវេសម៉ិន ត្រូវបានគេដឹងថា ជាកូនមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល រួមទាំងមានឧកញ៉ាមួយចំនួនផងដែរ។
អតិថិជនដែលតវ៉ាមុខគណៈកម្មការមូលបត្រកម្ពុជាកាលពីថ្ងៃទី១០ ខែវិច្ឆិកា បានថ្លែងថា នៅក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុនអត់មានគោលការណ៍ សម្របសម្រួលជាមួយអតិថិជននោះទេ បើទោះបីជាក្រុមហ៊ុនធ្លាប់បាននិយាយថា បើកឲ្យមានការពិភាក្សាគ្នាយ៉ាងណាក៏ដោយ គឺគាត់អត់មានគោលការសម្របសម្រួលបាន ត្រឹមតែទូទាត់ឲ្យត្រឹមតែ ៣០ភាគរយ។ ហើយក្រុមអតិថិជនដែលជាជនរងគ្រោះ គឺអត់អាចទទួលយកបានទេ ចំពោះ៣០ភាគរយនៅទឹកប្រាក់ដើមរបស់យើង ដែលយើងដាក់ ១០០ភាគរយ ហើយក្រុមហ៊ុនទូទាត់មកយើងវិញតែ ៣០ភាគរយ។
ក្រុមអតិថិជនទាំងអស់ស្នើសុំជួបចរចា។ ហើយសូមឲ្យក្រុមហ៊ុនចូលដោះស្រាយជាមួយជនរងគ្រោះ និងសុំមិនឲ្យក្រុមហ៊ុនសម្រេចកំណតុជាឯកតោភាគីនោះទេ។ ហើយសុំឲ្យមានការដោះស្រាយ ក្រៅប្រពន្ធតុលាការហូតឈានដល់ការត្រូវរ៉ូវគ្នា។

ក្រុមអ្នកតវ៉ាបានឲ្យដឹងទៀតថា មូលហេតុដែលពួកគាត់មកសុំអន្តរាគមន៍ ពីគណៈកម្មការមូលបត្រកម្ពុជា ដោយសារតែក្រុមហ៊ុន GFX បានបិទទ្វារ។ ដោយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពួកគាត់ក៏បានធ្វើការតវ៉ានៅមុខក្រុមហ៊ុនម្តងដែរ ប៉ុន្តែក្រោយពីការជួបជុំក្រុមហ៊ុន មិនបានចេញសេចក្តីជូនដំណឹងថា ក្រុមហ៊ុនបិទទ្វារទេ។ ហេតុនេះបានជាពួកគាត់នាំគ្នាមកតសុំអន្តរាគមន៍ ពីគណៈកម្មការមូលបត្រកម្ពុជា។ ពីព្រោះរយៈពេលរង់ចាំដំណោះស្រាយពីក្រុមហ៊ុន គឺជាង ៧ខែហើយនៅតែមិនមានដំណោះស្រាយ។ ចំពោះការទូទាត់ត្រឹម ៣០ភាគរយ ពួកគាត់មិនអាចទទួលយកបានទេ។
ដោយកាលពីដំបូងពួកគាត់ទាមទារ ១០០ភាគរយ ហើយពួកគាត់ការឲ្យនិយ័តករចរចាជាមួយក្រុមហ៊ុនឲ្យបាន ៨០ភាគរយ តែមកដល់ពេលនេះ នៅតែមិនដំណោះស្រាយ។ ពួកគាត់ស្នើសុំឲ្យក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយ ដោយមាននិយ័តករមូលបត្រកម្ពុជា ជាអាជ្ញាកណ្តាល។
ក្រុមអតិថិជនបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យក្រុមហ៊ុនចរចាដោះស្រាយ ប៉ុន្តែក្រុមហ៊ុនអត់ចរចាជាមួយអតិថិជននោះទេ។ ហេតុនេះពួកគាត់សុំឲ្យសម្តេចនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍រកយុត្តិធម៌ជូនពួកគាត់ផង ពីភាគីក្រុមហ៊ុនមានខ្សែធំៗណាស់ មានតែសម្តេចទេ ទើបអាចជួយពួកគាត់បាន។

ជាមួយគ្នានេះ ក្រុមអតិថិជនបានសំណូមពរឲ្យនាយិកាក្រុមហ៊ុនហ្គោលអេហ្វអ៊ិកស៍ អ៊ិនវេសម៉ិន ចេញមកដោះស្រាយជាមួយពួកគាត់។
ទាក់ទងករណីនេះ មន្ត្រីនគរបាលយុត្តិធម៌ របស់និយ័តករ មូលបត្រកម្ពុជា ( ន. ម.ក.) បាននិងកំពុងស៊ើបអង្កេតបន្ថែម លើប្រតិបត្តិការរបស់ ក្រុមហ៊ុន GFX International ដែលសង្ស័យថា បានធ្វើប្រតិបត្តិការ ដោយគ្មានអាជ្ញាបណ្ណ និងដែលមានការជាប់ ពាក់ព័ន្ធនឹងបណ្តឹង របស់អតិថិជនមួយចំនួន តាមនីតិវិធីច្បាប់ ដើម្បីរៀបចំជាសំណុំរឿង បញ្ជូនទៅអយ្យការ ចាត់ការតាមនីតិវិធីបន្ត។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។

និយ័តករមូលបត្រកម្ពុជា បានជូនដំណឹង ដល់អតិថិជនទាំងអស់ របស់ក្រុមហ៊ុន ហ្គោលអេហ្វអ៊ិកស៍ អ៊ិនវេសម៉ិន (GoldFX Investment Co., Ltd.-GoldFX Investment) ថាៈ បន្ទាប់ពីនិយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឱ្យអតិថិជន ក្រុមហ៊ុន GoldFX Investment អាចដាក់ពាក្យបណ្តឹង នៅនិយ័តករមូលបត្រកម្ពុជា តាមនីតិវិធីច្បាប់ជាធរមាន និងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អំពីការអនុវត្តទាំងឡាយ ដែលនិយ័តករមូលបត្រកម្ពុជា បានធ្វើហើយរហូត មកដល់ពេលនេះ និយ័តករមូលបត្រកម្ពុជា នៅតែបន្តទទួលបានពាក្យបណ្តឹង របស់អតិថិជនក្រុមហ៊ុន GoldFX Investment ជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ និយ័តករមូលបត្រកម្ពុជា បានបន្តដាក់ចេញ នូវវិធានការ ជាបន្តបន្ទាប់ ដែលជាលទ្ធផល៖
១. អតិថិជន ៥១រូប ដែលបានបើកគណនី និងធ្វើប្រតិបត្តិការជួញដូរ ស្របតាមលក្ខខណ្ឌច្បាប់ និង អាជ្ញាបណ្ណដែលផ្តល់ឱ្យក្រុមហ៊ុនធ្វើជាឈ្មួញជើងសាឧបករណ៍និស្សន្ទ ដោយអតិថិជនទាំង ៥១ រូប នេះ បានទទួលការដោះស្រាយ ទូទាត់ប្រាក់វិនិយោគរបស់ខ្លួន គ្រប់ចំនួនរួចរាល់ និងបានធ្វើការបិទ គណនីជួញដូរអស់ហើយ។

២. និយ័តករមូលបត្រកម្ពុជា បាននិងកំពុងអនុវត្តនីតិវិធី ជាមន្ត្រីនគរបាលយុត្តិធម៌ រៀបចំសំណុំរឿង ក្រោមការដឹកនាំរបស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លើប្រតិបត្តិការរបស់ ក្រុមហ៊ុនជាមួយ អតិថិជនផ្សេងទៀត ដែលប្រតិបត្តិការទាំងនេះ ស្ថិតក្រោមការសង្ស័យ នូវការអនុវត្តខុសអាជ្ញាបណ្ណ និងការអនុវត្តពុំមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បីកសាងសំណុំរឿង ទៅស្ថាប័នអយ្យការ ស្របតាមនីតិវិធីច្បាប់ ដោយមន្ត្រីនគរបាលយុត្តិធម៌របស់ និយ័តករមូលបត្រកម្ពុជា នឹងស្នើសុំការអនុវត្តតាមច្បាប់ដ៏តឹងរ៉ឹង ចំពោះជនដែលពាក់ព័ន្ធទាំងអស់។ កន្លងមក មន្ត្រីនគរបាលយុត្តិធម៌របស់ និយ័តករមូលបត្រកម្ពុជា បានកោះហៅតំណាងម្ចាស់បណ្ដឹង ២ ក្រុម (ម្ចាស់បណ្តឹងសរុបចំនួន ២៨៤ រូប) និង ម្ចាស់បណ្ដឹងផ្សេងទៀត បានចំនួន ១១៣ រូប រួចហើយ។

៣. មន្ត្រីនគរបាលយុត្តិធម៌របស់ និយ័តករមូលបត្រកម្ពុជា បាននិងកំពុងស៊ើបអង្កេតបន្ថែម លើប្រតិបត្តិការរបស់ ក្រុមហ៊ុន GFX International ដែលសង្ស័យថា បានធ្វើប្រតិបត្តិការ ដោយគ្មានអាជ្ញាបណ្ណ និងដែលមានការជាប់ ពាក់ព័ន្ធនឹងបណ្តឹងរបស់ អតិថិជនមួយចំនួន តាមនីតិវិធីច្បាប់ ដើម្បីរៀបចំជាសំណុំរឿង បញ្ជូនទៅអយ្យការ ចាត់ការតាមនីតិវិធីបន្ត ។

៤. ការប្រព្រឹត្តល្មើស ទៅនឹងលក្ខខណ្ឌអាជ្ញាបណ្ណ និងប្រតិបត្តិការ គ្មានអាជ្ញាបណ្ណ នឹងត្រូវផ្តន្ទាទោស ស្របតាមច្បាប់ ស្តីពីការបោះផ្សាយ និងការជួញដូរ មូលបត្រមហាជន ដូចខាងក្រោម ៖

លើកលែងតែពាណិជ្ជករមូលបត្រអញ្ញត្រកម្ម ឬពាណិជ្ជករពាក់ព័ន្ធនឹងប្រតិបត្តិការ មូលបត្រអញ្ញត្រកម្ម បុគ្គលណាដែលធ្វើអាជីវកម្មមូលបត្រ ឬតាំងខ្លួនជាអ្នកធ្វើអាជីវកម្ម មូលបត្រក្នុងទម្រង់ជាក្រុមហ៊ុនមូលបត្រ ឬ ជនណាដែលធ្វើជា ឬតាំងខ្លួនជាភ្នាក់ងារ ក្រុមហ៊ុនមូលបត្រ ដើម្បីធ្វើអាជីវកម្មមូលបត្រ ដោយគ្មានអាជ្ញាបណ្ណពីអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងផ្តន្ទាទោស ពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ដល់ ១០.០០០.០០០(ដប់លាន) រៀល។

នីតិបុគ្គលដែលប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ដល់ ៥០០.០០០.០០០(ប្រាំរយលាន) រៀល។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអតិថិជន ទាំងអស់របស់ក្រុមហ៊ុន ព្រមទាំង បុគ្គលពាក់ព័ន្ធ មេត្តាជ្រាប និងចូលរួមសហការ តាមនីតិវិធីជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×