Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមដំណាច់ខែតុលា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤៦ គម្រោង ទុនវិនិយោគ ២,៨៥៣ លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ របស់ជប៉ុនចំនួន ១៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៨៥៣លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។

បើតាមប្រកាសព័ត៌មាន សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានកិច្ចសហការ ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្ស៊ូហូ រៀបចំធ្វើការផ្សព្វផ្សាយជូនវិនិយោគិននិងធុរជនជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា, លោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន, លោកស្រី ម៉ារីសា ហារ៊ូតា តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន, តំណាងធនាគារមីហ្ស៊ូហូ, ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុននៅក្នុងនិងក្រៅប្រទេសជប៉ុន រួមទាំងក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាស្រាប់ប្រមាណជិត ៤០០ក្រុមហ៊ុន។
មានមតិក្នុងសុន្ទរកថាបើកលោក អ៊ឹង រចនា បានអបអរសាទរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលដឹកនាំដោយលោក សុខ ចិន្តាសោភា ដែលបានខិតខំតាក់តែងច្បាប់ស្ដីពីវិនិយោគថ្មីនេះសម្រាប់លើកកម្ពស់ភាពទាក់ទាញ បង្កើនភាពប្រកួតប្រជែងខ្ពស់ និងបង្កើតរបបលើកទឹកចិត្តបើកចំហ និងមានតម្លាភាពជូនដល់វិនិយោគិនទាំងអស់ ព្រមទាំងផ្ដល់នូវការធានានិងការពារ វិនិយោគដោយគ្មានគោលការណ៍រើសអើង។

ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ក៏បានរំលេចអំពីសារៈសំខាន់នៃច្បាប់ស្ដីពីវិនិយោគថ្មីនេះផងដែរ ដែលនឹងដើរតួនាទីជាត្រីវិស័យ និងមូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់វិនិយោគិន ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្របពេលដែលកម្ពុជាកំពុងស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ឯកឧត្តម ឯកអគ្គរាជទូតក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច ដែលប្រការនេះជាការបន្ស៊ីគ្នាទៅនឹងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ២០២១-២០២៣។

ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានតាក់តែងច្បាប់ថ្មីស្ដីពីវិនិយោគនេះ អស់រយៈពេលជាច្រើនឆ្នាំ និងបានទទួលយកមតិព្រមទាំងសំណូមពរពីតំណាងផ្នែកឯកជន និងសហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា ដើម្បីប្រមូលធាតុចូល ឲ្យបានគ្រប់ជ្រុងជ្រោយយកទៅដាក់បញ្ចូលក្នុងច្បាប់ថ្មីស្ដីពីវិនិយោគនេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការប្រកាសឲ្យប្រើនូវច្បាប់នេះ នឹងជាយុទ្ធសាស្រ្តមួយដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្ដារឡើងវិញ នូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងធ្វើឲ្យកម្ពុជា ក្លាយជាទិសដៅដ៏ទាក់ទាញ និងប្រកួតប្រជែងខ្ពស់មួយនៅក្នុងតំបន់សម្រាប់ការវិនិយោគប្រកបដោយគុណភាព និងចីរភាព។

ឯកឧត្តម បានបញ្ជាក់នូវការចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

មានមតិក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងសកម្ម ពីសហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា តាមរយៈអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងធនាគារមីហ្ស៊ូហូ, និងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានបង្ហាញពីការយកចិត្តទុកដាក់ដល់ច្បាប់នេះ និងជួយជ្រោមជ្រែងការផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាប្រចាំរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងធនាគារមីហ្ស៊ូហូ ដែលជានិច្ចកាលដើរតួនាទីជាដៃគូដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយពីកាលានុវត្តភាព និងបរិស្ថានវិនិយោគនៅកម្ពុជាជូនដល់វិនិយោគិនជប៉ុន។

បន្ថែមលើនេះ ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ របស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគ ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិ-ពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញ ឲ្យបានត្រឹមឆ្នាំ២០២៥។

ម៉្យាងវិញទៀត ការតាក់តែងច្បាប់វិនិយោគថ្មីនេះ គឺស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយ IDP និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើនលើក រួមទាំងកិច្ចពិគ្រោះយោបល់ជាមួយផ្នែកឯកជន។

ច្បាប់វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋានជាក់ស្ដែង នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ព្រមទាំងតម្រូវការជាក់ស្ដែង របស់វិនិយោគិនដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច, បដិវត្តឧស្សាហកម្មទី៤, បរិវត្តកម្មឌីជីថល, និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ក្នុងន័យនេះ ឯកឧត្តម មានសុទិដ្ឋិនិយមថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ សហគមន៍ធុរកិច្ចជប៉ុន និងវិនិយោគិនជប៉ុននៅកម្ពុជា បានយល់កាន់តែច្បាស់ និងស៊ីជម្រៅពីច្បាប់នេះ ហើយនឹងជួយផ្សព្វផ្សាយដល់វិនិយោគិនជប៉ុន ពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជាបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ កូលាប

×