Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន គាំទ្រច្បាប់វិនិយោគថ្មីនៅកម្ពុជាប្ដេជ្ញាជំរុញវិនិយោគិន ធុរជន មកវិនិយោគ ដើម្បីវិបុលភាពសេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ពេលនេះ ក្រុមមន្ត្រី , សហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងធនាគារមីហ្ស៊ូហូ, និងតួអង្គពាក់ព័ន្ធដទៃទៀត បានបង្ហាញពីការយកចិត្តទុកដាក់ដល់ច្បាប់វិនិយោគថ្មីនៅកម្ពុជា ដោយប្ដេជ្ញាថា នឹងជួយជ្រោមជ្រែងការផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយ។

លោកអគ្គលេខាធិការក្រុមប្រឹក្សា បានថ្លែងឱ្យដឹងក្រោយសិក្ខាសាលានេះថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ត្រូវបានទទួលការគាំទ្រដោយការវាយតម្លៃខ្ពស់ពីកិច្ចសហការនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងធនាគារមីហ្ស៊ូហូ ដែលជានិច្ចកាលដើរតួនាទីជាដៃគូដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយពីកាលានុវត្តភាព និងបរិស្ថានវិនិយោគនៅកម្ពុជាជូនដល់វិនិយោគិនជប៉ុន។

ទាក់ទងនឹងច្បាប់វិនិយោគថ្មីនេះដែរ លោក មីខាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា លោកមានជំនឿយ៉ាងមុតមាំថា ច្បាប់នេះ នឹងជាយុទ្ធសាស្រ្តមួយដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្ដារឡើងវិញ នូវសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងធ្វើឲ្យកម្ពុជា ក្លាយជាទិសដៅដ៏ទាក់ទាញ និងប្រកួតប្រជែងខ្ពស់មួយនៅក្នុងតំបន់សម្រាប់ការវិនិយោគប្រកបដោយគុណភាព និងចីរភាព។

លោក មីខាមិ ម៉ាសាហ៊ីរ៉ូ បញ្ជាក់ថាលោកនឹងចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីច្បាប់វិនិយោគថ្មីនៃកម្ពុជានេះ មានការចូលរួមពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO និងធនាគារមីហ្ស៊ូហូ , លោក មីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន, លោកស្រី ម៉ារីសា ហារ៉ូតា តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន, តំណាងធនាគារមីហ្ស៊ូហូ, ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុននៅក្នុងនិងក្រៅប្រទេសជប៉ុន និងក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាស្រាប់ប្រមាណជិត ៤០០ក្រុមហ៊ុន៕ ពិសិដ្ឋ CEN

×