ភ្នំពេញ÷បុរសជាប្រជាការពារនៅសង្កាត់ត្រពាំងក្រសាំងម្នាក់ត្រូវបានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូតាមដងផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនចាំម៉ាកបើកទៅកៀរពីក្រោយបណ្តាលឲ្យជ្រុលចង្កូតទៅបុ.កពីក្រោយទូសណ្តោងកុងតឺន័រចតចោលលើចិញ្ចើមផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរបានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ ផន ដឹម ភេទប្រុសអាយុ ៥៧ មុខរបរជាប្រជាការពារ នៅសង្កាត់ត្រពាំងក្រសាំង មានទីលំនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូម៉ាកប៊ីតពណ៌សលាយតែមខៀវមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1GX-4013ជិះតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម មកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកធ្វើដំណើរពីក្រោយស្របទិសគ្នា ពីកើតមកលិចក្នុងល្បឿនលឿនក៏បានរេចង្កូតទៅកៀរម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យម៉ូតូជ្រុលចង្កូតទៅបុ.កទូសណ្តោងកុងតឺន័រចតចោល នៅលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យស្លា.ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហើយភ្លាមៗនោះដែរពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយករថយន្តស្ទូចយកទូសណ្តោងកុងតឺន័និងម៉ូតូជនរងគ្រោះខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





