ស្ទឹងត្រែង ៖ អ្នកទោសម្នាក់ទៀត ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈអ្នកទោសចំនួន ៣នាក់ផ្សេងទៀត កំពុងបន្ដស្រាវជ្រាវតាមតាមចាប់ខ្លួនយកមកវិញ បន្ទាប់ពីពួកគេចំនួន ៧នាក់ បាននាំគ្នាហែកគុក កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ ចាប់ខ្លួនបានមកវិញមានចំនួន ៤នាក់។

អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញម្នាក់ទៀតនេះ ឈ្មោះ ចាក់លី ចឺតាលី ជាប់ទោសមួយជីវិត ពីបទជួញដូរគ្រឿងញៀន។ អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មេខ្លោងរូបនេះ ជាអ្នកផ្ដើមគំនិតហែកគុករត់ចេញ ហើយទម្រាំចាប់បានម្នាក់នេះ សមត្ថកិច្ចត្រូវឃ្លាំមើលអត់បាយក្រហាយទឹក និងនៅក្នុងព្រៃថែមទៀតផង។
សូមបញ្ជាក់ថា អ្នកទោសចំនួន៧នាក់ នៅខេត្តស្ទឹងត្រែង បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន ដោយបានប្រើប្រាស់អាវុធបា.ញ់ចំនួន ៤គ្រាប់ ដើម្បីគំ.រាមបញ្ឈប់ សកម្មភាពរត់គេចតែមិនអាចរារាំងបាន។ តាមការពិនិត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយ ភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង។ គិតមកដល់រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោស៤នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ៣នាក់ទៀត កំពុងតាមចាប់ខ្លួន៕រក្សាសិទ្ធិដោយ ៖ សួងសាម

