ភ្នំពេញ ៖ កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រទទឹង១២ម៉ែត្រ ឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ដែលជាចំណងដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋនៅជាយក្រុង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានជួសជុលឡើងវិញ ក្រោយពីកំណាត់ផ្លូវនេះ បានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ពិធីបើកការដ្ឋាននេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅភូមិស្រែរាជ្ជៈសង្កាត់សំរោងក្រោមខណ្ឌពោធ៏សែនជ័យ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ ហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៦ គីឡូម៉ែត្រនេះឡើងវិញ។
ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។

ឯកឧត្តមឃួង ស្រេងបន្តទៀតថា សម្តេចតេជោ មិនត្រឹមតែរំដោះប្រទេសជាតិពីចំណុចសូន្យ និងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ ។ តែសម្ដេចនូវបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថែមទៀត។ ជាក់ស្តែងនៅដំណាក់កាលនៃការរីករាលដាលជំងឺកូវី-១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងការពារកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ទាំងដូសទី១ ដូសទី២ និងដូសជំរុញ ហៅដូសទី៣សូមទៅទទួលការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាពនានានៅក្នុងខណ្ឌរបស់ខ្លួន ហើយអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវតែជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែតលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា កំណាត់ផ្លូវ១ខ្សែ ដែលបានបើកការដ្ឋានជួសជុលខាងលើនេះ មានប្រវង៦,៤៩០ម៉ត្រនៅក្នុងភូមិសាស្ត្រអន្តរខណ្ឌគឺ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាងខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)។
លោកអភិបាលខណ្ឌបន្តថា នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដោយបញ្ញាជំនន់ទឹកភ្លៀង បានធ្វើឲ្យកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់។ ដោយមើលឃើញពីទុកលំបាក របស់បងប្អូនប្រជាពលរដ្ឋលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានលើក ផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើន ត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។
សម្រាប់ឆ្នាំ២០២១នេះ ឯកឧត្តមឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍ បើកការរដ្ឋានជួសជុលផ្លូវខាងលើនេះ ឡើងវិញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ផ្លូវទំហំ១២ ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ៕រក្សាសិទ្ធិដោយ ៖ កូលាប








