Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោករ៉ុងឈុន និងគូកន នឹងត្រូវដោះលែង ពីមន្ទីរពន្ធនាគារ នៅថ្ងៃសុក្រ ទី ១២ ខែ វិច្ឆិកាឆ្នាំ ២០២១នេះ បន្ទាប់ពីតុលាការរឧទ្ធរណ៍ បន្ធូរបន្ថយទោស ពាក់ព័ន្ធបទល្មើសការញុះញង់ឲ្យមានអសន្តិសុខ ដល់ប្រទេសជាតិ!!!

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ លោក រ៉ុង ឈុន និងគូកន ចំនួន ២នាក់ទៀត ដែលជាប់ចោទពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ប្រព្រឹត្តកាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២០ ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ក៏បានសម្រេច បន្ធូរបន្ថយទោស ជនជាប់ចោទរ៉ុង ឈុន ត្រូវជាប់ពន្ធនាគារ ត្រឹមតែ ១ ឆ្នាំ ៣ ខែ និង ១១ ថ្ងៃ, ទោសសេសសល់ត្រូវព្យួរសាកល្បងរយ:ពេល៣ឆ្នាំ, ជនជាប់ចោទ ឈ្មោះ តុន នីមល ត្រូវជាប់ទោសត្រឹមតែ ១ ឆ្នាំ ២ ខែ និង ២៤ ថ្ងៃ, ទោសនៅសេសសល់ ត្រូវព្យួររយៈពេល៣ឆ្នាំ, ចំណែកឯ ជនជាប់ចោទឈ្មោះ ស កណ្ណិកា ត្រូវជាប់ទោស ត្រឹមតែ ១ ឆ្នាំ ៣ ខែ និង ៥ ថ្ងៃ, ទោសនៅសេសសល់ត្រូវព្រួរសាកល្បង រយៈពេល៣ឆ្នាំ។

យោងតាមសាលដីការបស់តុលាការឧទ្ធរណ៍ ខាងលើនេះ, ជនជាប់ចោទទាំង៣នាក់ អាចនឹងត្រូវបាន រួចទោស និង ត្រូវបានដោះលែង ពីពន្ធនាគារ នៅថ្ងៃសុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ។

លោកយន់ ណារ៉ុង ជាចៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង ៣នាក់ នេះ មានឈ្មោះ រ៉ុង ឈុន អាយុ ៥១ឆ្នាំ អតីតជាគ្រូបង្រៀនឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២១ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ និង ពិន័យប្រាក់ចំនួន ២ លានរៀល។

ចំណែកឯ ជនជាប់ចោទ២នាក់ ឈ្មោះ ឈ្មោះ តុល និមល ភេទប្រុស អាយុ ៤០ ឆ្នាំ និង ឈ្មោះ ស កណ្ណិការ ភេទ ស្រី អាយុ ៣៧ ឆ្នាំ ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២០ ខែ និង ពិន័យប្រាក់ក្នុងម្នាក់ៗ ២លានរៀល។

តុលាការរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យជនជាប់ចោទទាំង៣នាក់ រួមគ្នា សងសំណងចិត្ដ ចំនួន ៤០០ លានរៀល (ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក) ឲ្យទៅគណៈកម្មាធិការកម្ពុជា ដែលជាភាគី ដើមបណ្ដឹងនៅតែក្នុងរឿងក្តីនេះ។

តែជនជាប់ចោទទាំង៣នាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកកាន់ សាលាឧទ្ធរណ៍ ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានជាប់ចោទពីបទ ” ញុះញង់ឲ្យមានប្រព្រឹត្តបទឧ.ក្រិដ្ឋជាអាទិ៍ បណ្ដាលឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ” តាមបញ្ញតិ្តមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ពួកគេត្រូវបានចាប់ខ្លួនកាលពីអំឡុងខែ កក្កដា និង សីហា ឆ្នាំ២០២០ ក្រោយលោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដោយលោក រ៉ុង ឈុន លើកឡើងថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានភាពមិនប្រក្រតី ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី ទៅភាគីវៀតណាមជាច្រើនរយហិកតា។
ក៏គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសច្រានចោល សេចក្តីថ្លែងការណ៍នេះ ដោយលើកឡើងថា លោករ៉ុងឈុន ផ្សាយនូវព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត។

នាពេលសវនាការ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១, ជនជាប់ចោទទាំង៣ បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពួកគេ ដូចបទចោទខាងលើ និង ការកាត់ទោសពួកគេឲ្យមានទោស អំពើសំណាក់លោកចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ។

ពួកគេបានសំណូមពរដល់ចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេត្តាជួយផ្តល់យុត្តិធម៌, សម្រេចបដិសេធ សាលក្រមរបស់តុលាការរាជធានីភ្នំពេញ និង ដោះលែង ពួកគាត់ អោយមានសេរីភាពឡើងវិញ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×