ភ្នំពេញ ៖ លោករ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ និងសកម្មជនមួយចំនួនទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃសហើយនៅវេលាម៉ោង ៤:៣០នាទី រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។ ចំណែកសកម្មជនមួយចំនួនមានដូចជាៈ លោកហ៊ុន វណ្ណៈ លោកប៉ែន ច័ន្ទសង្គ្រាម កញ្ញា ឈឿន ដារាវី និងកញ្ញា ស កណ្ណិកា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោករ៉ុង ឈុន ដាក់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ក្នុងបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។ការប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
ពាក់ព័ន្ធការញុះញង់បំភ្លៃការពិតរឿងព្រំដែន លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិចតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។ ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ លោករ៉ុង ឈុន ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបានទទួលសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និង បានសម្រេចចោទប្រកាន់ឈ្មោះ រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។

ចំណែកលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធការញុះញង់នឹងបទល្មើសជាក់ស្តែងបំភ្លៃការពិតទាក់ទងបញ្ហាព្រំដែន។ បន្ទាប់ពីចាប់ខ្លួន លោកសួង សុភ័ណ្ឌ ត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមជម្រាបថា ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ បានដឹកនាំសមាជិករបស់ខ្លួន ចុះទៅទីតាំងបង្គោលព្រំដែននៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ និងនិយាយញុះញង់បំភ្លៃការពិតទាក់ទងបញ្ហាព្រំដែនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅជិតសាលាដំបូងរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





