Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ការដោះលែងសកម្មជនមួយចំនួន មិនមែនជាការទទួលសម្ពាធនោះទេ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការដោះលែងសកម្មជនមួយចំនួន គឺមិនមែនជាការទទួលសំពាធពីភាគីណាមួយនោះទេ ជានីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅ មិនមែនតែសកម្មជនទាំងនោះទេ។ ហើយតុលាការមិនបានផ្តោតទៅលើសកម្មជន ឬមិនសកម្មជននោះទេ ហើយសកម្មជនទាំងអស់នេះ មិនមែនដោះលងទេ គឺបានប្រព្រឹត្តបទល្មើសហើយត្រូវបានផ្តន្ទាទោស។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយចំនួនថា ការដោះលែងសកម្មជនមួយចំនួន គឺដោយសារតែមានសម្ពាធ នៃការរិះគន់។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ករណីនេះវាមិនមែនជារឿងទទួលសម្ពាធ ឬមិនសំពាធនោះទេ ជាដំណើរការនីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅមិនមែនតែសកម្មជនទាំងនោះទេ។ ហើយតុលាការមិនបានផ្តោតលើសកម្មជន ឬមិនសកម្មជននោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា “សកម្មជនទាំងអស់នេះ មិនមែនដោះលែងទេ បានន័យថាបានប្រព្រឹត្តបទល្មើស ហើយត្រូវបានផ្តន្ទាទោស ក៏ប៉ុន្តែគ្រាន់តែការអនុវត្តទោសវាមានការអនុគ្រោះ ដោយផ្អែកលើគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ដែលបានដាក់ចេញនៅក្នុងពេលយុទ្ធនាការ ក្នុងការពន្លឿនការដោះស្រាយសំណុំរឿង ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងកាត់បន្ថយនូវភាពចង្អៀតណែនក្នុងពន្ធនាគារ។
ហើយគោលការណ៍នឹងក្រសួងលើកទឹកចិត្តឲ្យបន្ត តទៅទៀត ទោះបីជាយុទ្ធនាការនឹងចប់ក៏ដោយក្នុងគោលដៅដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ពន្លឿននីតិវិធីសំណុំរឿងនៅតុលាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ហើយផ្អែកលើគោឡការណ៍ច្បាប់ និងនីតិវិធីច្បាប់ទាំងស្រុងដែលមានជាធរមាន”។

ឯកឧត្តម ជិត ម៉ាលីន បានបន្តថា បើផ្អែកទៅលើគោលការណ៍ណែនាំរបស់ក្រសួងពាក់ព័ន្ធដល់ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ក៏ដូចជាដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ គឺក្រុមសកម្មជនត្រូវបានសម្រេចផ្តន្ទាទោសមួយផ្នែកក្នុងពន្ធនាគារ និងទោសនៅសល់មួយផ្នែកទៀតត្រូវព្យួរ។ ហើយក្នុងរយៈពេលព្យួរបើសិនជាពួកគាត់ធ្វើសកម្មភាពល្មើស បំពានបំរាមមួយចំនួនដែលតុលាការបានដាក់ចេញ គឺពួកគាត់អាចប្រឈមមុខចំពោះផ្លូវច្បាប់ដដែល នឹងអាចយកមកអនុវត្តទោសក្នុងពន្ធនាគារវិញបាន បើសិនជាពួកគាត់នៅតែបន្តប្រព្រឹត្តល្មើសមិនកែប្រែខ្លួនតទៅទៀត។

គួរបញ្ជាក់ថា លោក រ៉ុង ឈុន លោកសួង សុភ័ណ្ឌ និងក្រុមអតីតសកម្មជនមាតាធម្មជាតិ សមាជិកយុវជនខ្មែរថាវរៈ រួមទាំងអតីតមន្ត្រីបក្សប្រឆាំងមួយចំនួន សរុបទាំងអស់ជិត ២០នាក់ ត្រូវបានតុលាការដោះលែងពីពន្ធនាគារជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានអនុវត្តទោសនៅក្នុងពន្ធនាគារ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×