ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ
ធ្វើអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យអ្នកទោសចំនួន ៧នាក់ វាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង លួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ ហើយពេលនេះ ក្រុមការងារកំពុងតែធ្វើកិច្ចការនេះ។

សម្តេចក្រឡាហោម ស ខេង បានសរសេរនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី១២ ខែវិច្ឆិកានេះថា តាមលទ្ធផលនៅពេលនេះ សមត្ថកិច្ចបានចាប់ខ្លួន ជនជាប់ឃុំចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ។
សម្តេចក្រឡាហោមបញ្ជាក់ថា ជនជាប់ឃុំដែលសម្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖ ១.ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងមានកំរិតទោស៣០ឆ្នាំ ។ ២.ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស២០ឆ្នាំ ។ ៣.ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុន.ប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស ០៤ឆ្នាំ ។ ៤.ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កំរិតទោស អស់មួយជីវិត ។ ៥.ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទា.រុណ.កម្ម និងមានកំរិតទោស២៧ឆ្នាំ ។

ទន្ទឹមនឹងនេះ ទណ្ឌិត២នាក់ ជាជនជាតិឡាវ ដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានចាត់ចែងឲ្យមានការធ្វើអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ ដែលពេលនេះ ក្រុមការងារកំពុងតែធ្វើកិច្ចការនេះ ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា “អ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះ គឺលទ្ធផលប្រតិបត្តិការនេះ ពិតជាកើតឡើងបានដោយសារតែ មានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ច ឈានទៅដល់ការចាប់បានមកវិញ នូវទណ្ឌិតដែលសុទ្ធជាឧ.ក្រិដ្ឋជនគ្រឿងញៀនទាំងនេះ ។ លទ្ធផលនេះ បានបង្ហាញថា គ្រប់សកម្មភាពសង្គម អាចសម្រេចបានដោយសារ តែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះ បានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើង ពិតជាមានការយល់ដឹង និងចូលរួមក្នុងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ “។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនសម្តេចផ្ទាល់ ដែលទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ ហើយសង្ឃឹមថា ការចាប់ខ្លួនទណ្ឌិត២នាក់ទៀត នឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ ។
ក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តគាំទ្រនិងចូលរួម អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រនិងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





