Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋ កុំយកអាល់កុល មកលាយជាមួយទឹក ឬភេសជ្ជៈនានា មកពិសា ដែលបង្កឱ្យពុល និងបាត់បង់ជីវិត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ បានផ្ទុះហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីពលករខ្មែរ២១នាក់ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុលអាល់កុល ស្លាប់ ៧នាក់ (ស្រី១នាក់) និងនាំយកទៅសង្គ្រោះ ១២នាក់ (ស្រី ១នាក់)។

តាមរយៈការសាកសួរព័ត៌មានពីជនរងគ្រោះ កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែវិច្ឆិកា ជនរងគ្រោះ បានយកអាល់កុលលាយជាមួយទឹក ខ្លះយកមកលាយជាមួយកូកាកូឡា ហើយមួយចំនួនទៀតលាយជាមួយទឹកអូអ៉ីឈិ ហើយនាំគ្នាផឹក។ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ក៏ចាប់ផ្តើមមានរោគសញ្ញាដូចជាឈឺក្បាល វិលមុខ ក្អួត និងថប់ដង្ហើម។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំយកអាល់កុលលាយជាមួយទឹក ឬភេសជ្ជៈនានា មកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃជាដើម។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវកុំឱ្យចូលរួមពិសាស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។ បន្ថែមពីលើនោះ អ្នកប្រកបអាជីវកម្ម ហាមដាច់ខាតកុំយកសារធាតុមេតាណុលមកលាយធ្វើស្រា-ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យស្រុកប្រតិបត្តិប៉ោយប៉ែត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បាន សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះអង្កេតស្រាវជ្រាវ លើករណីឈឺសរុបចំនួន២១នាក់(ស្រី២នាក់) ក្នុងនោះ៧នាក់(ស្រី១)បានស្លាប់ លើពលករដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកូបធំ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលហេតុការណ៍នេះបានកើតឡើង នៅមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលមកពីការយកអាល់កុល ទៅលាយជាមួយភេសជ្ជៈផ្សេងៗ មកពិសា ហើយ ជនរងគ្រោះត្រូវបានបញ្ជូនមកសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យខេត្តមង្គលបូរី និងមន្ទីរពេទ្យខេត្ត សៀមរាប។
តាមរយៈការចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ និងការសាកសួរបានរកឃើញថា នៅថ្ងៃទី ០៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះ មួយចំនួនបានយកអាល់កុល មកលាយជាមួយទឹក ខ្លះយកមកលាយជាមួយទឹក ក្រូចកូកាកូឡា និងមួយចំនួនទៀតលាយជាមួយទឹកអូអ៊ីឈិកនាំគ្នាពិសា រហូតដល់រសៀលថ្ងៃទី១១ ខែវិច្ឆិកាប្រហែលម៉ោង២ កន្លះ មានជនរងគ្រោះមួយចំនួន ចាប់ផ្តើមមានរោគសញ្ញា ដូចជា ឈឺក្បាលវិលមុខ ក្អួត និងថប់ដង្ហើម។ បច្ចុប្បន្ននេះមានអ្នកជំងឺបាននឹងកំពុងបន្តសំរាកនៅមន្ទីរពទ្យនីមួយៗ ខាងលើ សរុបចំនួន១២នាក់ (ស្រី១នាក់)។ ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធ បានប្រមូលយកសំណាកនិងវត្ថុតាង ដែលនៅសេសសល់ផ្ញើមកវិភាគនៅ រាជធានីភ្នំពេញ ដើម្បីដឹងពីមូលហេតុច្បាស់លាស់ដែលក្រសួង កំពុងរងចាំលទ្ធផលវិភាគពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល។ ជាមួយគ្នានោះដែរ ក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមការងារគ្រូពេទ្យបានចុះជួយសង្គ្រោះ ផ្តល់ការពិនិត្យសុខភាពនិង ព្យាបាល និងបានចុះអប់រំ ណែនាំ ដល់ពលករ ដែលស្នាក់នៅក្នុងមណ្ឌលចត្តាឡីសឹកកូបធំ នេះផងដែរ។

ពាក់ព័ន្ធនឹងករណីឈឺនិងស្លា.ប់ខាងលើ និងដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំជាពិសេសចាប់ពីខែវិច្ឆិកា ដល់ខែមករា តែងតែមានករណីពុលស្រា ស បានកើតឡើងជាបន្តបន្ទាប់ នៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហោង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អនុវត្តដូចខាងក្រោម ៖

កុំយកអាល់កុលមកលាយជាមួយទឹក ឬភេសជ្ជៈនានា មកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជា សារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃ ជាដើម។

ចូលរួមកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ។ ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាតកុំយកសារធាតុមេតាណុលមកលាយធ្វើស្រា ស ដែលបង្កឱ្យពុលនឹងស្លា.ប់ បាត់បង់ជីវិត។

ចំណែក បងប្អូនអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និង ទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាង យកសារធាតុមេតាណុលលាយធ្វើស្រា ស ដែលបង្កឱ្យពុលនិងស្លា.ប់បាត់បង់ជីវិត។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាល ក្អួត ឈឺពោះវិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថាមានពុលស្រា ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរក ការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×