Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បង្ហាញថា រយៈពេល ៣០ថ្ងៃ មានប្រជាពលរដ្ឋជិត ៣៣ម៉ឺននាក់ទៅចុះឈ្មោះបោះឆ្នោត និងលុបឈ្មោះជាង១៥ម៉ឺននាក់

ភ្នំពេញ ៖ រយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គឺមានប្រជាពលរដ្ឋដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជិត ៣៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជាង ១៥ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.២៩១ លទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី៣០ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានដូចខាងក្រោម៖

  • ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧.៥៨៧ នាក់
  • អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៧០១ នាក់
  • អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤.៧៦០ នាក់
  • អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៦១៥ នាក់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា សរុបរយៈពេល ៣០ថ្ងៃ (១២ តុលា-១៣ វិច្ឆិកា) លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖

  • ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៣២៨.៧៣៧ នាក់
  • អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១៥៥.២១៥ នាក់
  • អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១២៤.២២៣ នាក់
  • អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៩៨.៣៩២ នាក់។

គ.ជ.ប បានបន្តទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បី៖

  • ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គង សាមីខ្លួនត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។
  • ចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។
    សូមជម្រាបថា តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជុំវាយតម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
×