Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន ទំនិញកសិកម្មកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ក្នុងអត្រាពន្ធសូន្យភ្លាមស្មើនឹង ៩៧.៤៤% និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ភាគីកូរ៉េផ្តល់ទីផ្សារឱ្យមកកម្ពុជា មានចំនួន ៩៥,០៣%

ភ្នំពេញ ៖ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន (CCFTA) ទំនិញកសិកម្មកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ក្នុងអត្រាពន្ធសូន្យភ្លាមស្មើនឹង ៩៧.៤៤% នៃបន្ទាត់ពន្ធគយសរុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ភាគីកូរ៉េផ្តល់ទីផ្សារឱ្យមកកម្ពុជាមានចំនួន ៩៥,០៣%។

លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្នុងឱកាសបានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងពីស្តង់ដារអនាម័យ ភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ តាមប្រព័ន្ធវីដេអូ។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាល លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការយល់ដឹងពីស្តង់ដារអនាម័យ ភូត្តគាមអនាម័យ និងស្តង់ដារបច្ចេកទេសពាណិជ្ជកម្ម ព្រោះវាជាចលករសំខាន់សម្រាប់ចូលរួមលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជាខ្លាំង ជាក់ស្តែងក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ក្នុងជំពូកទី៧ ក៏បានលើកឡើងពីស្តង់ដារអនាម័យ និងភូត្តគាមអនាម័យនេះផងដែរ។ ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបើកច្រកទីផ្សារថ្មី ក្រសួងពាណិជ្ជកម្ម បានខិតខំចរចាទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

លោកជំទាវរដ្ឋលេខាធិការបន្តថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) ទំនិញកសិកម្មកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ក្នុងអត្រាពន្ធសូន្យភ្លាមស្មើនឹង ៩៧.៤៤% នៃបន្ទាត់ពន្ធគយសរុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ភាគីកូរ៉េផ្តល់ទីផ្សារឱ្យមកកម្ពុជាមានចំនួន ៩៥,០៣% ដែលក្នុងនោះភាគីកូរ៉េត្រូវលុបបំបាត់ពន្ធគយ (០%) ចំនួន ៩២.៣៧% ភ្លាមនៅពេលកិច្ចព្រមព្រៀងចូលជាធរមាន មានន័យថាការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាន់តែសេរីឡើងៗ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការត្រួតពិនិត្យស្តង់ដារអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃ ភូតគាមអនាម័យ និងសមាសភាពចង្រៃបង្កគ្រោះថ្នាក់ ពីតំបន់មួយទៅតំបន់មួយទៀតទូទាំងប្រទេស ព្រមទាំងការនាំចេញនាំចូលឆ្លងកាត់ប្រទេសកម្ពុជា តាមគ្រប់មធ្យោបាយ ដើម្បីការពារផលិតផលកសិកម្ម និងជីវៈចំរុះ។ កត្តាទាំងនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការធ្វើទំនើបកម្មកសិកម្ម ជាពិសេសការលើកកម្ពស់ ស្តង់ដារអនាម័យ ភូតគាមអនាម័យ អនុលោមភាពបទបញាត្តិបច្ចេកទេស ការអនុវត្ត GAP (Good Agriculture Practice), GMP (Good Manufacturing Practice), ISO, HACCP ជាដើម ឱ្យស្របតាមស្តង់ដារ បទដ្ឋានអន្តរជាតិ ដើម្បីការពារសុខភាព មនុស្ស សត្វ រុក្ខាជាតិ និងអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានថ្លែងអំណរគុណចំពោះ វាគ្មិនដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងចែករំលែកនូវប្រធានបទដែលមាននៅក្នុងរបៀបវារៈរៀងៗខ្លួនផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប