ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩, ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេច ស្ដីពីការកែសម្រួលលក្ខខណ្ឌការធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ទាំងអ្នកបានចាក់វ៉ាក់សាំងពេញលេញ និងអ្នកមិនទាន់បានចាក់វ៉ាក់សាំង។

ការកែសម្រួល មានដូចជា ÷
- អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានបានពេញលេញ ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានបានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា។
- ពេលមកដល់កម្ពុជា ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Rapid Test) នៅច្រកចូលប្រទេស ហើយត្រូវរង់ចាំលទ្ធផលតេស្តនេះ។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមាន បុគ្គលមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ និងអាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា។ ក្នុងករណីទទួលបានលទ្ធផលតេស្តកូរីដ-១៩វិជ្ជមាន អ្នកជំងឺអាចដាក់ឱ្យព្យាបាល ឬបញ្ចូនទៅកន្លែងព្យាបាលដែលអនុញ្ញាតដោយក្រសួងសុខាភិបាល។
- ចំពោះអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានបានពេញលេញ ហើយធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Rapid Test) នៅច្រកចូលប្រទេស ហើយត្រូវរង់ចាំលទ្ធផលតេស្តនេះ។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមាន បុគ្គលតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច និងធ្វើតេស្តដោយម៉ាស៊ីន PCR នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
- ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩វិជ្ជមាន អ្នកជំងឺអាចដាក់ឱ្យព្យាបាល ឬបញ្ជូនទៅកន្លែងព្យាបាលដែលអនុញ្ញាតដោយក្រសួងសុខាភិបាល។ អ្នកដំណើរត្រូវមានឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក។ ក្នុងករណីពុំមានការកក់សណ្ឋាគារ ត្រូវត្រៀមសាច់ប្រាក់ចំនួន២,០០០ដុល្លារអាមេរិក (សម្រាប់អ្នកដំណើរបរទេស) ដើម្បីតម្កល់នៅច្រកចូលកម្ពុជា សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅពេលមកដល់កម្ពុជា។
- ការទទួលខុសត្រូវក្នុងការព្យាបាលជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរជាជនបរទេស (លើកលែងមន្ត្រីការទូត និងមន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ ដែលកាន់ទិដ្ឋាការការទូត (Visa A) និងទិដ្ឋាការផ្លូវការ (Visa B និងក្រុមគ្រួសារ) ត្រូវទទួលខុសត្រូវខ្លួនឯងក្នុងការព្យាបាល ក្នុងករណីឆ្លងជំងឺកូវីដ-១៩ ឬមានជំងឺផ្សេងទៀត។
- អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានបានពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក សណ្ឋាគារ ឬគេហដ្ឋាននៅទូទាំងប្រទេស ត្រូវអនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនបើទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Rapid Test) អវិជ្ជមាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











