Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយឯកឧត្តមទូតបារាំងថ្មី ហ្សាក់ ប៉ឺឡេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងពហុភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើគ្រប់វិស័យ

spot_img

ភ្នំពេញ ៖ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំនៅកម្ពុជា នឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ(កម្ពុជានិងបារាំង)ផង រវាងអាស៊ាននិងអឺរ៉ុបផង ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម និងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន និងស្ថិរភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ស្របជាមួយឯកឧត្តមទូត ហ្សាក់ ប៉ឺឡេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងពហុភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជានិងបារាំង គប្បីធ្វើយ៉ាងណាជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត លើគ្រប់វិស័យ។

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារបន្តទៀតជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯករដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយស និងមានសេចក្ដីរីករាយជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា​ ឈានឆ្ពោះមកកាន់ការអភិវឌ្ឍន៍យ៉ាងខ្លាំងនាពេលនេះ ហើយក៏បានសំដែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលនាំឲ្យព្រះរាជាណាចក្រកម្ពុជា បានបើកព្រំដែនឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ បើកសាលារៀនឡើងវិញ ដែលជាជោគជ័យគួរឲ្យកត់សម្គាល់ និងទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ។

ឯកឧត្តម បានបន្ថែមថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានក្រុមហ៊ុនបារាំងប្រមាណ ៤០០ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះ ពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំង ការបើកដំណើរការប្រទេសឲ្យមានលំហូរសេដ្ឋកិច្ចឡើងវិញ ទាំងការហោះហើរ ទាំងសេដ្ឋកិច្ច ទាំងដំណើរការពាណិជ្ជកម្ម។
ឯកឧត្តមអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានជួបរយៈពេល១ថ្ងៃ មុនកិច្ចប្រជុំអាស៊ី-អ៉ឺរ៉ុប ។ ឯកឧត្តមទូតបានជម្រាបជូនសម្តេចតេជោថា ឯកឧត្តម ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលខាងមុខនេះ ។

ដោយឡែកនៅឆ្នាំក្រោយនេះ កម្ពុជា នឹងធ្វើជាប្រធានអាស៊ាន បារាំងនឹងធ្វើជាប្រធានប្ដូរវេន ក្នុងន័យនេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ មានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង រវាងអាស៊ាននិងអឺរ៉ុបផង ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន និងស្ថិរភាព។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តម ហ្សាក់ ប៉ឺឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃ នូវនយោបាយវ៉ាក់សាំងរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមរបស់ឯកឧត្តម ម៉ាក្រុង នៅក្នុងកិច្ចប្រជុំ ASEM ដែលកម្ពុជា ធ្វើជាប្រធាននៅថ្ងៃស្អែកនេះ ។

សម្តេចតេជោ ក៏បានយល់ស្របជាមួយឯកឧត្តមទូត ហ្សាក់ ប៉ឺឡេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងពហុភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជានិងបារាំង គប្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ ដែលអាចធ្វើទៅបាន រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រោមឆ័ត្រអន្តរជាតិផងដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង E.U សម្ដេចតេជោ បានយល់ស្របនឹងឯកឧត្តម គឺអាស៊ាន និង E.U គប្បីណា សហការគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ឲ្យបានប្រកបដោយបរិយ៉ាប័ន និងដោយស្ថិរភាព ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×