Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ៖ ក្រោមដំបូលសន្តិភាព , កម្ពុជាបានរៀបចំត្រៀមលក្ខណៈជាស្រេច ក្នុងការពន្លឿន ការចាប់យកនូវបច្ចេកវិទ្យាឌីជីថល

spot_img

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន យល់ថា កត្តាគន្លឹះសម្រាប់ធានាចីរភាពនៃការអភិឌ្ឍ នៅក្នុងសភាពការណ៍ថ្មីនេះ គឺការប្តេជ្ញាចិត្តរបស់យើង ក្នុងការរួមគ្នាប្រកាន់យកមាគ៌ា នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីធានាការផ្លាស់ប្តូរ នៃទិសដៅពិភពលោក ឱ្យប្រព្រឹត្តទៅប្រកបដោយភាពសុខដុម ។ ក្នុងស្មារតីនេះ, យើងត្រូវតែពុះពារបង្កើតគោលនយោបាយជាតិ ប្រកបដោយភាពច្នៃប្រឌិត, បន្តជំរុញការចូលរួមនៅក្នុងផលិតកម្ម នៃខ្សែច្រវាក់តម្លៃសកល និង ចាប់យកកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី ៤ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន។ ក្រោមដំបូលសន្តិភាព និងស្ថិរភាព ដ៏ពេញលេញ និងឋិតថេរ, កម្ពុជាបានរៀបចំត្រៀមលក្ខណៈជាស្រេច ក្នុងការពន្លឿនការចាប់យកនូវបច្ចេកវិទ្យាឌីជីថល និង ការពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និង សកល សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹម ឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០ ។

សុន្ទរកថាបិទរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងតាមប្រព័ន្ធវីដេអូ ក្នុងវេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១ក្រោមមូលបទ“ការផ្លាស់ប្ដូរទៅរកគន្លងប្រក្រតីភាពថ្មី : លើកកម្ពស់ការចូលរួមក្នុងខ្សែចវាក់ តម្លៃសកល, ពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្ម ទី ៤ នៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១។

ជាការពិត, បើទោះបីជាពិភពលោកបន្តប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី, យើងបានពុះពាររាល់ឧបសគ្គ, ជម្នះរៀបចំវេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១ ជាប្រវត្តិសាស្ត្រនេះឡើង ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្តែងនូវការវាយ តម្លៃខ្ពស់ ជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ដែលបានរួមចំណែកផ្តល់មតិ យោបល់ និង អនុសាសន៍ ប្រកបដោយអត្ថន័យស្ថាបនាទៅលើទិសដៅអនាគតនៃសកលលោក ក៏ដូចជាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរុប ពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងតំបន់ ទាំងពីរ និង ការស្តាសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ។

ការជួបជុំរបស់យើង ត្រូវបានធ្វើឡើងក្នុងខណៈដែលពិភពលោកមិនទាន់ចាកចេញផុត ទាំងស្រុងនៅឡើយ ពីវិបត្តិជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ, ពិភពលោកកំពុងតែបន្តឆ្លងកាត់នូវ ការវិវត្តប្រែប្រួលយ៉ាងលឿន នៃនិន្នាការជាច្រើន ដែលបង្កើតឱ្យមាននូវបញ្ហាប្រឈម និងហានិភ័យឥតស្រាកស្រាន្ដ ។ ប្រការនេះ គូសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា លទ្ធផលប្រកបដោយ ផ្លែផ្កានៃកិច្ចពិភាក្សារបស់យើងក្នុងវេទិកានេះ ពិតជាមានសារៈសំខាន់, ហើយបានឆ្លុះបញ្ចាំង អំពីការកើនឡើងនូវការទទួលខុសត្រូវ របស់វិស័យសាធារណៈ និង វិស័យឯកជន នៃតំបន់ទាំងពីរ ក្នុងការរួមគ្នាស្តារ និងជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ។ ជាពិសេស, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន យល់ថា បទពិសោធន៍ និង ចំណេះដឹង ដែលលេចឡើងពីការចែករំលែកនៅក្នុងវេទិកានេះ បានផ្តល់ជាធាតុចូលដ៏ចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍតំបន់ និង សកល ក្នុងប្រក្រតីភាពថ្មី ។

ជាក់ស្ដែង, យើងបានឃើញច្បាស់ថា បដិវត្តន៍ឧស្សាហកម្មទី ៤ គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការរួមចំណែកបង្កើតក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនប្រកបដោយ ចីរភាពហើយក៏បាន និងកំពុងជួយជំរុញផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែង របស់សហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និង ជាប្រភពសម្រាប់ការ បង្កើតការងារ, ការបង្កើនប្រាក់ចំណូល, ព្រមទាំងសម្រាប់ការលើកកម្ពស់សហគ្រិនភាព ក្នុង ចំណោមស្ត្រី និង យុវជន ។ ជាមួយគ្នា, ផ្អែកលើស្មារតីនៃការមូលមតិរបស់វេទិកា, ដើម្បីសម្រេច
បាននូវការស្តារ និង ជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់, យើងត្រូវការជាចាំបាច់ នូវការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ឱ្យកាន់តែពេញលេញ និង ស៊ី ជម្រៅបន្ថែមទៀត ជាពិសេសដោយផ្តោតលើកិច្ចការជាអាទិភាពមួយចំនួន រួមមាន : (១). ការរៀបចំ និង ការអនុវត្តយុទ្ធសាស្ត្រ និង ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងតំបន់; (២).ការ ធ្វើឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គម (៣). ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម; (៤). ការអភិវឌ្ឍធនធានមនុស្ស និង (៥). ការដោះស្រាយបញ្ហាដែលកើតចេញពីការប ប្រួលអាកាសធាតុ ។ល។

លើមូលដ្ឋាននេះ, បណ្តាប្រទេសជាសមាជិកអាសិមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី នៃការបើកចំហ និង ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី សម្រាប់កិច្ចសហការអភិវឌ្ឍន៍របស់យើង ដើម្បីលើកកម្ពស់ភាពទាក់ទាញ និង ភាពអំណោយផល នៃបរិយាកាសសម្រាប់ សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និង ការវិនិយោគ សំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរ នៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មសកល ។ ជាងនេះទៅទៀត, យើងចាំបាច់ត្រូវ ពង្រឹងការសម្របសម្រួល និង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ឱ្យបានកាន់តែជិតស្និទ្ធ និង រឹងមាំ ឡើង នៅក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និង សកម្មភាពជាក់ស្ដែង, ទាំងក្នុងកម្រិតតំបន់ និង សកល, សំដៅជម្នះបញ្ហាប្រឈម និង ហានិភ័យនានា, ជាពិសេស ក្នុងគោលដៅទាញយក សក្តានុពលនៃការផ្លាស់ប្ដូរទៅរកគន្លងប្រក្រតីភាពថ្មីនៃការអភិវឌ្ឍ ដើម្បីរក្សាចីរភាព និង ពង្រឹង ភាពធន់ នៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់យើង ។

វេទិការបស់យើង ពិតជាបានជួយជំរុញដល់ដំណើរការនៃការអភិវឌ្ឍ តាមអភិក្រមថ្មី ទូលំទូលាយមួយ ដែលច្របាច់បញ្ចូលទិដ្ឋភាពសេដ្ឋកិច្ច, សង្គមកិច្ច និង បរិស្ថាន ទៅក្នុងក្របខ័ណ្ឌនៃការគិតគូរអំពីកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និង ភាពធន់ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សង្ឃឹមថា បណ្តាប្រទេសជាសមាជិកអាសិមទាំងអស់ ក៏ដូចជាស្ថាប័ន និង ដៃគូអភិវឌ្ឍន៍នានា នឹងបន្តរៀបចំវេទិកាដ៏មានអត្ថប្រយោជន៍ និង សារៈសំខាន់បែបនេះ ជាបន្តបន្ទាប់ទៅទៀត៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×