ភ្នំពេញ ៖ ក្នុងឱកាស លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមដែលទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា និងវៀតណាម គួរមានកិច្ចព្រមព្រៀងមួយ ស្តីពី កិច្ចសហប្រតិបត្តិការលើការធ្វើកសិកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីជាការបន្ថែមការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ល្អប្រសើរឡើងថែមទៀត។

ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ង្វៀន ហ៊ុយតាំង ដែលជាឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១, លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេច បានកត់សម្គាល់ពីភាពល្អប្រសើរនៃការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាម ដែលនៅតែបន្តកើនឡើង ទោះបីរងការយាយីដោយសារជំងឺកូវីដ-១៩ ក៏ដោយ។
ដូច្នេះ សូមឲ្យភាគីវៀតណាម យកចិត្តទុកដាក់បន្ថែមទៀតលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរីកធំធាត់ថែមទៀត, ក្នុងន័យនេះ គឺកម្ពុជាចង់ឃើញកិច្ចព្រមព្រៀងស្តីពីការធ្វើកសិកម្មនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ឲ្យកាន់តែខ្លាំងក្លា។ ការធ្វើកសិកម្មដែលសម្ដេចតេជោ ហ៊ុន សែន ចង់បាននោះ គឺ ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន , ការប្រយុទ្ធប្រឆាំងនឹងសត្វល្អិតចង្រៃ ជាដើម។

ជាការឆ្លើយតប លោក ង្វៀន ហ៊ុយតាំង បានសម្តែងនូវក្តីរីករាយចំពោះការទទួលបានឱកាសមកបំពេញបេសកកម្មការងារនៅកម្ពុជា និងគាំទ្រការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែន, ដោយ លោកបាន ប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែប្រសើរ តាមរយៈវិស័យការទូត នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាវិស័យដទៃទៀត ដើម្បីប្រយោជន៍ប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



