ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម ៧៧ ព្រះវស្សា នៅប្រទេសបារាំង នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះលើហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តមនៅមុននេះបន្តិចថា «ទើបទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកនេះ វេលាម៉ោង៩និង៤០នាទី (ត្រូវនឹងម៉ោង៣និង៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង។ កំពុងរង់ចាំដំណឹងបញ្ជាក់បន្ថែមទៀត»។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ សម្តេចក្រុមព្រះធ្លាប់ជានាយករដ្ឋមន្រ្តីទី១ នៃរាជរដ្ឋាភិបាលចម្រុះអាណត្តីទី១ និងជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ខែមីនា ឆ្នាំ២០០៦។ បច្ចុប្បន្ន ព្រះអង្គជាព្រះប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្រ្តី និងជាព្រះប្រធាន នៃគណបក្សហ៊្វុនស៉ិនប៉ិច៕ រក្សាសិទ្ធិដោយ ៖ កូលាប


