Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ថ្វាយសាររំលែកព្រះមរណទុក្ខថា ការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជន ក្នុងព្រះរាជវង្ស ដ៏ល្អឆ្នើមមួយព្រះអង្គ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្វាយសាររំលែកព្រះមរណទុក្ខថា ការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជន ក្នុងព្រះរាជវង្ស ដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈ មនសិការមោះមុត និងវាងវៃជាអតិបរមា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ។

ក្នុងសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខណៈនេះទូលព្រះបង្គំ និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំ និងភរិយា សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្សប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។

ទន្ទឹមនេះ ទូលព្រះបង្គំ និងភរិយាសូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ»។

ចំណែកផេកហ្វេសប៊ុកព្រះបរមរាជវាំង (Royal du Cambodge) បានចេញផ្សាយព័ត៌មានថា សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×