ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ទាក់ទងរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីឯកសណ្ឋានគោរងារផ្លូវការសម្រាប់អ្នកឧកញ៉ា និងឧកញ៉ា ដើម្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
អនុក្រឹត្យនេះផងដែរ ដែលត្រូវបានគេផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គឺត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា កាលពីពាក់កណ្តាលខែមុន គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមអនុក្រឹត្យ បានបញ្ជាក់ឲ្យដឹងថា ឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា និងឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវស្លៀកពាក់ទៅតាមគោរមងារដែលទទួលឲ្យបានត្រឹមត្រូវ។ ហើយក៏បានកំណត់ថា ឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក របស់អ្នកឧកញ៉ា និងឧកញ៉ា គឺត្រូវបានប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ ប៉ុណ្ណោះ។
លើសពីនេះ នៅក្នុងមាត្រា១២ នៃអនុក្រឹត្យដដែល ក៏បានកំណត់បទប្បញ្ញតិ្តថា ជនណាដែលបានប្រើប្រាស់ ឬ ក្លែងបន្លំឯកសណ្ឋានគោរមងារផ្លូវការ សញ្ញា័ក្តិ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា និងឧកញ៉ា នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











