Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​បញ្ចប់​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នៅ​កោះរ៉ុង

កោះ​រុង​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​សង្កត់ធ្ងន់ៗ​ទៅកាន់​អ្នកមាន​អំណោច និង​អ្នក​មានទ្រព្យ​មួយចំនួន ដែល​កន្លងមក​តែ​តែ​មក​កាង​កាន់កាប់ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​កោះរុង​នេះ គឺ​ត្រូវតែ​ដកខ្លួន​ចេញ​ជាបន្ទាន់ និង​បញ្ឈប់​អំពើ​កាប់​ឈើ​ទន្ទ្រាន​យក​ដី ឬ​យក​ឈើ​លក់​ខុសច្បាប់ គឺ​ត្រូវតែ​ឈប់​ជា​បន្ទាន់​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ The Royal Sands Koh Rong ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង និង​បញ្ចប់​នូវ​បញ្ហា​ដីធ្លី​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

​សណ្ឋាគារ​ដ៏​ទំនើប​នេះ​គឺ​បាន​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ប្រមាណ​ជា​៤០​លាន​ដុល្លារ​ក្នុង​ដំណាក់កាល​ទី​១​ដែល​មាន​លក្ខណៈ​ជា​វីឡា​ចំនួន​៦៧​ខ្នង​(១៤៨​បន្ទប់​) ដែល​បាន​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ការរីកចម្រើន​នៃ​សេវាកម្ម​ទេសចរណ៍​លំដាប់​អន្តរជាតិ​នៅលើ​ទឹកដី​ប៉ែក​និរតី នៃ​តំបន់​សមុទ្រ​នេះ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​សេចក្តី​រីករាយ ដែល​បាន​អញ្ជើញ​មក​កាន់​កោះរុង​ជា​លើក​ទី​១​នេះ និង​មោទនភាព​ចំពោះ​ការវិនិយោគ​សណ្ឋាគា​រលំ​ដាប់​ផ្កាយ​៥​ដើម្បី​បំពេញ​សេចក្តីត្រូវការ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​នូវ​អនុសាសន៍​ដល់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ គឺ​មិន​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ខ្ពស់ជាង​៣​ជាន់​ឡើយ​នៅ​តាម​ឆ្នេ​រកោះ​បែបនេះ​។ សម្តេច​តេជោ សង្ឃឹមថា​នឹង​មាន​កោះ​ជាច្រើន​ទៀត​នឹង​កើតឡើង​ជា​បន្តបន្ទាប់​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ជា​ចុងក្រោយ​ថា កោះ​រុង និង​កោះ​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​កោះ​របស់​រដ្ឋ មិនមែន​ជា​របស់​ឯក​ជន​នោះ​។ ប៉ុន្តែ​រាជរដ្ឋាភិបាល​បានប្រគល់​សិទ្ធិ​ឲ្យ​អភិវឌ្ឍន៍​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ការវិនិយោគជា​តំបន់​ទេ​ចរណ៍​ទៅតាម​រយៈពេល​នៃ​ការវិនិយោគ​ដែល​បានកំណត់​។ ប៉ុន្តែ​កន្លងមក​គឺ​មាន​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ ប៉ុន្តែ​មិន​បាន​ធ្វើ​អ្វី​ទាំងអស់ គឺ​សម្តេច​តេ​ជោបាន​បញ្ជា​ទៅ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សើរើ​ពិនិត្យ នឹង​ដកហូត​យក​មក​វិញ ព្រោះ​សព្វថ្ងៃ​គឺ​មាន​ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​សិទ្ធិ​ទទួល​អាជ្ញាប័ណ្ណ​វិនិយោគ​ពី​រដ្ឋ ប៉ុន្តែ​មិន​ធ្វើ ហើយ​បាន​យកទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ដទៃ​ដែល​ខុស​នឹង​ច្បាប់​រដ្ឋ​។ ដូច្នេះ​ត្រូវ​ដក​មក​វិញ​ទាំងអស់​។ សម្តេច​តេជោ បញ្ជាក់ថា ” នឹង​ដកហូត​យក​កោះ​ចំនួន​ជាង​៣០​វិលត្រឡប់​មក​វិញ ហើយ​ឯកឧត្តម​សុខ​ចិន្តា ជា​អ្នក​ធ្វើ​ការងារ​នេះ យក​កោះ​ទាំងនោះ​មក​វិញ ហើយ​រៀបចំ​ធ្វើ​ការវិនិយោគ​សាជាថ្មី មិន​អាច​ទុក​កោះ​របស់​យើង​ទុក​ដូច​របៀប​សព្វ​ថ្ងៃនេះ ដោយ​គ្មាន​ការគ្រប់គ្រង ហើយ​អ្នក​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​នោះ​ចេះ​តែ​ដើរ​លក់​បន្ត ប៉ុន្តែ​បើ​ចាប់ដៃ​ខ្ញុំ​អនុញ្ញាត តែ​ដៃគូ​គេ​មិន​ហ៊ាន​មក​រកស៊ី​ជាមួយ​អ្នក​ទាំងនោះ ដូច្នេះ​យើង​នឹង​រង់ចាំ​អ្វី​ទៀត ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​”​។

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​សង្កត់ធ្ងន់ៗ​ទៅកាន់​អ្នកមាន​អំណោច និង​អ្នក​មានទ្រព្យ​មួយចំនួន​ដែល​កន្លងមក​តែ​តែ​មក​កាង​កាន់កាប់ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​កោះរុង​នេះ គឺ​ត្រូវតែ​ដកខ្លួន​ចេញ​ជាបន្ទាន់​។ ពួក​អ្នក​មក​ទន្ទ្រាន គឺ​ភាគច្រើន​មិនមែន​រស់នៅ​កោះរុង​នោះទេ គឺ​មួយ​ចំនួន​រស់នៅ​ក្រុងភ្នំពេញ ឬ​កន្លែង​ផ្សេងៗ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ពិនិត្យ​និង​បញ្ឈប់​អំពើ​កាប់​ឈើ​ទន្ទ្រាន​យក​ដី ឬ​យក​ឈើ​លក់​ខុសច្បាប់ គឺ​ត្រូវតែ​ឈប់​ជា​បន្ទាន់​។ សម្តេច​តេជោ បញ្ជាក់ថា “​កោះ​ទាំងអស់​សុទ្ធតែ​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​ជា​ពិសេស​កោះរុង គ្រាន់តែ​សម្បទាន​ទៅឲ្យ​ក្រុមហ៊ុន​ធ្វើ​ការវិនិយោគ​នាំមក​នូវ​ការទាក់ទាញ​ភ្ញៀវទេសចរ សម្រាប់​ដោះស្រាយ​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្នុង​រយៈពេល​ណាមួយ​នោះ ដី​កោះ​នេះ​នឹង​ក្លាយជា​របស់​រដ្ឋ​វិញ​។ កោះ​រុង ជា​ដី​របស់​រដ្ឋ​ដែល​ជួល​ឲ្យ​ឯកជន​សម្រាប់​ការវិនិយោគ​និង​អភិវឌ្ឍន៍ ហើយ​គ្មាន​ទេសចរណ៍​ណាមួយ មក​ដេក​ក្រោម​ដើមឈើ​នោះទេ “​។​

​ជាមួយគ្នានេះដែរ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​និង​បញ្ជា​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ពិនិត្យ​ដោះស្រាយ​ក្បាលដី​ចំនួន​៥៨៤ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​សូម​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​កោះរុង​នេះ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក៏​ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា ដើម្បី​ថែរក្សា និង​អភិវឌ្ឍន៍​កោះរុង​នេះ ឲ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង​ប​បន្ថែមទៀត​។ ផ្ទៃដី​ដែល​ប្រគល់​ជូន​គឺ​ពលរដ្ឋ​អាច​អាស្រ័យ​ផល និង​រស់នៅ​បាន ប៉ុន្តែ​ពុំ​មាន​សិទ្ធិ​ចាត់ចែង​ឡើង​។ សម្តេច​តេជោ បាន​លើកឡើង​ថា ” រឿងនេះ​ជា​ការទន្ទ្រាន​របស់​ប្រជាពលរដ្ឋ ហើយ​អ្នកខ្លះ​ឆ្ងាយ​ឯណោះ​ទេ នៅ​ទីកន្លែង​ផ្សេង ដែល​រឿង​នេះ​ជា​បញ្ហា ខ្ញុំ​មិន​ជឿ​ង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​កោះរុង​នេះ មាន​ដីធ្លី​ច្រើន​ដល់​ថ្នាក់​នេះ​ទេ​ហើយ​ច្រើនពេក ដូច្នេះ​គួរតែ​ត្រូវ​ដោះស្រាយ​ចំពោះ​ការទន្ទ្រាន​កាន់កាប់ ដែល​មាន​លោក​ជា សុផារ៉ា ជា​អ្នក​ត្រូវ​ដោះស្រាយ​លើ​កោះរុង​ទាំងមូល​តែ​ម្តង ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​ដី​ពិតប្រាកដ បើ​មិន​អីចឹង​ទេ យើង​ត្រូវ​អង្គុយ​បក់ផ្សែង យើង​ត្រូវ​ពន្លត់ភ្លើង តែ​មិន​ត្រូវ​អង្គុយ​បក់ផ្សែង​នោះទេ ។ ខ្ញុំ​មក​កោះរុង​ថ្ងៃនេះ មិន​ត្រឹម​តែ​មក​សម្ពោធ​សណ្ឋាគារ​នោះ​ទេ គឺ​ខ្ញុំ​មក​ជម្រះ​លើ​កោះ​រុង បើ​មិន​ដូច្នេះ​ទេ​កោះរុង​នឹងត្រូវ​ភ្លើង​ឆាបឆេះ​។ ខ្ញុំ​ក៏​ចង់​មើល​មុខ​មន្ត្រី​ដែល​មាន​អំណាច​មួយចំនួន ដែល​នៅ​ពីក្រោយ​ខ្នង ចង់​ឃើញ​អ្នក​មាន​ប្រាក់កាស​មួយចំនួន​នៅ​ពីក្រោយ​ខ្នង​ដើម្បី​និយាយ​គ្នា​ឲ្យបាន​ច្បាស់ៗ គឺ​ល្មម​គ្រប់គ្រាន់​ហើយ​អស់លោក យក​ទ្រព្យសម្បត្តិ​របស់​ជាតិ ម្នាក់ៗ​ចាប់​យក​រាប់រយ​រាប់ពាន់​ហិកតា ច្រើន​ជាង​នាយក​រដ្ឋមន្ត្រី​ទៅទៀត ។ ធ្វើ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិន​លោភលន់ ទើប​ខ្ញុំ​នៅ​មាន​សម្តី និង​មាន​ទឹកមាត់ប្រៃ ដើម្បី​ចង្អុលមុខ​អ្នក​ដែល​ទន្ទ្រាន​ដី​របស់​រដ្ឋ​”​។​

​នៅក្នុង​ដំណើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​មក​កាន់​ទឹកដី​កោះរ៉ុង​ថ្ងៃនេះ គឺ​បាន​បិទ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ទីនេះ​ទាំងស្រុង និង​បាន​បញ្ចប់​អំពើ​កាប់​ឈើ​ល្មើសច្បាប់​ទាំងស្រុង ព្រមទាំង​ដក​យក​កោះ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ទាំំង​អស់ ត្រឡប់​មក​វិញ​ពី​ក្រុមហ៊ុន​នានា ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​វិនិយោគ ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា នឹង​គ្មាន​ការទូទាត់​សង​នូវ​ប្រាក់​កក់​វិញ និង​ការខូចខាត​អ្វី​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង ដែល​បាន​សហការ ជាមួយ​ដៃគូ​បរទេស ចូលរួម​អភិវឌ្ឍន៍​កោះ​រុង ឲ្យមាន​សោភ័ណភាព និង​ទាក់ទាញ​ទេសចរ​កាន់តែ​ច្រើនឡើង​។ សម្តេច​តេជោ ក៏​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនេះ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

   

×