ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកាតម្លល់ទោស របស់ជនជាប់ចោទចំនួន២នាក់ ក៏ប៉ុន្តែបានសម្រេច សម្រាលទោស ពួកគេ ក្នុង ម្នាក់ៗ ចំនួន ១ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ចំនួន ៧ កញ្ចប់តូច-ធំ ប្រព្រឹត្តនៅខេត្តកណ្ដាល កាលពីដើមឆ្នាំ ២០២១។
លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទទាំង ២ នាក់ខាងលើ មានឈ្មោះ ទី១ -ខែម ដារិទ្ធិ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ។ និង ទី ២ ឈ្មោះ អាន ចាន់ធឿន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ។
អ្នកទាំងពីរ មានទីលំនៅ នៅឃុំព្រៃកទម្លាប់ ស្រុកលើកដៃ ខេត្តកណ្ដាល ។
លោកចៅក្រមបានបញ្ជាក់ថា ក្នុងចំណោមជនជាប់ចោទទាំង២នាក់ ឈ្មោះ អាន ចាន់ធឿន ត្រូវបាន សាលាដំបូងរខេត្តកណ្ដាល កាលពីខែ កក្កដា ឆ្នំា ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ រីឯ ឈ្មោះ ខែម ដារិទ្ធិ ត្រូវជាប់គុក ៣ ឆ្នាំ
និង ត្រូវបានពិន័យ ជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ១០ លានរៀល ពីបទ: ជួញដូរ និង រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
តែ ពួកគេបានប្តឹងឧទ្ធរណ៍ ។
ពួកគេត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១ នៅឃុំព្រៃកទម្លាប់ ស្រុក លើកដៃ ខេត្ត កណ្ដាល ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន វត្ថុតាង ជាគ្រឿងញៀន ពី ឈ្មោះ ខែម ដារិត គ្រឿងញៀន ប្រភេទ ម៉ាទឹកកក ចំនួន ៣ បញ្ចប់តូច មានទម្ងន់ ០, ៥៣ ក្រាម ។ និង ពី ឈ្មោះ អាន ចាន់ធឿន គ្រឿង ញៀន ចំនួន ៤ កញ្ចប់ មានទម្ងន់ ៥៥, ០១ ក្រាម ៕ រក្សាសិទ្ធិដោយ ចន្ទា ភា