ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការខេត្តតាកែវ កាត់ទោស ដាក់គុក កំណត់១១ ឆ្នាំ ជាប់ពាក់ព័ន្ធការ ឃាតកម្ម ដោយ ច្របាច់ នារីរងគ្រោះម្នាក់ ដែលត្រូវជាគូស្នេហា
បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅក្នុងផ្ទះសំណាក់ (ប៉ាអ៊ី ម៉ាក់អ៊ី) បន្ទាប់លេខ ២០៤ នៅភូមិស្នោរ សង្កាត់ រកាក្នុង ក្រុងដូនតាកែវ ខេត្ត តាកែវ កាលពីអំឡុងឆ្នាំ ខែ មីនា ឆ្នាំ ២០១៩។
លោក ប្លង់ សំណាង់ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ សុខ ចាន់លីដា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ អ្នកលក់ទូរស័ព្ទ ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឃិន ចន្តា ភេទ ស្រី អាយុ ២១ឆ្នាំ មុខរបរជានារីបម្រើស្រាបៀរក្នុងហាងខារ៉ាអូខេ យីហោ “ជុំមិត្ត” មានស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ សុខ ចាន់លីដា ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ៤ ខែ មិនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១១ ឆ្នាំ និង បង្គាប់អោយសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ៥ លានរៀល ។
តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម
មកកាន់ សាលាឧទ្ទរណ៍រាជធានីភ្នំពេញ ។
ជនជាប់ចោទ ឈ្មោះ សុខ ចាន់លីដា ត្រូវបានជាប់ចោទពីបទ« ឃាតកម្ម » តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ ” ប៉ាអ៊ី ម៉ាក់អ៊ី ” បន្ទប់លេខ ២០៤ នៅភូមិស្នោរ សង្កាត់ រកាក្នុង ក្រុងដូនតាកែវ ខេត្ត តាកែវ ។
នាពេលសវនាការ, ជនជាប់ចោទ បានឆ្លើយបដិសេធ ចំពោះការចោទ និង ការផ្តន្ទាទោសគាត់ ដាក់គុក គុក កំណត់១១ ឆ្នាំ អំពីសំណាក់តុលាការខេត្តតាកែវ និង និយាយថា គាត់ មិនបានសម្លាប់ជនរងគ្រោះទេ។
គាត់និយាយថា ពេលកើតហេតុនេះ គឺ ជនរងគ្រោះ មានជម្ងឺ ឆ្កួតជ្រូក ដែលជម្ងឺប្រចាំកាយ តាំងពីកំណើត រួច ក៏ខាំអណ្ដាតខ្លួនឯង នៅក្នុងបន្ទប់ ខណៈដែលដែលពួកគេ កំពុងតែចាប់ផ្ដើមផ្តើម រួមភេទនឹងគ្នា នៅពេលនោះ។
ជនជាប់ចោទបាននិយាយថា នៅពេលជនរងគ្រោះ កំពុងតែកើតជម្ងឺឆ្កួតជ្រូកនោះ, ខ្លួនខិតខំជួយនាងដែរ តែ អកុសល នាង ក៏ត្រូវបានស្លាប់នៅកន្លែងកើតហេតុ ទៅ។
ឈ្មោះ សុខ ចាន់លីដា បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេតា្តជួយ ជួយរកការពិត និង យុត្តិធម៌ ដល់រូបគាត់ផង ពីព្រោះ គាត់មិនបានសម្លាប់ជនរងគ្រោះ ដូចការចោទប្រកាន់ និង ការ កាត់ទោសគាត់ ដាក់គុក ១១ ឆ្នាំ នោះទេ។
សំណរឿងក្តីព្រហ្មទណ្ឌនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

