ភ្នំពេញៈប្រជាពលរដ្ឋបានចោទប្រកាន់ក្រុមហ៊ុនបុរីវីអាយភី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ សាងសង់ផ្ទះមិនទាន់តាមកុងត្រាជូនអតិថិជន សន្យារហូត ដែលរហូតមកដល់ពេលនេះ នៅមិនទាន់សាងសង់រួចរាល់។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនយកលុយបង់ផ្តាច់ហួសកុងត្រាខ្លះជាង ១ឆ្នាំហើយថានឹងសងសំណងផ្ទះ ខ្លះសងបានប៉ុន្មានខែ ផ្ទះខ្លះមិនទាន់សងហួស ៣ទៅ៤ខែ ហើយខាងក្រុមហ៊ុនឆ្លើយដោះសាររហូត។ ប្រជាពលរដ្ឋបានទិញផ្ទះបុរី VIP នៅស្រុកព្រៃនប់ ខេត្តកំពង់សោម ធ្វើកិច្ចសន្យារហូត តែក្រុមហ៊ុនមិនធ្វើតាមកិច្ចសន្យាទេ ផ្ទះក៏ផ្អាកមិនធ្វើ សំណងក៍មិនព្រមសង់។
ទាក់ទងករណីដូចគ្នានេះដែរ អតិថិជននៅរាជធានីភ្នំពេញដែលទិញផ្ទះពីបុរី វីអាយភី (VIP) ជាង ១៥០គ្រួសារ បានដាក់ពាក្យបណ្តឹងប្តឹងអគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី លោកហម រ៉ន និងលោក វន វណ្ណៈ ទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ បុរី វីអាយភី (VIP) មានអាសយដ្ឋានស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធរឿងសាងសង់ផ្ទះមិនទាន់រួចរាល់ និងទាមទារប្រគល់ប្លង់កម្មសិទ្ធិឲ្យពួកគាត់ ពីព្រោះហួសកិច្ចសន្យា ២ ទៅ ៣ ឆ្នាំហើយ។
នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាថា “យើងខ្ញុំបានទិញផ្ទះពីបុរី VIP តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ ខាងបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់ និងខ្លះហើយតែមិនទាន់បានប្លង់កម្មសិទ្ធិ។ ពេលយើងខ្ញុំសុំជួបដើម្បីចរចាដោះស្រាយតែខាងបុរីមិនព្រមជួប និងចេះតែគេចវេសមិនព្រមចូលខ្លួនដោះស្រយជាមួយពួកយើងខ្ញុំ”។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសូមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅលោកប្តឹងលោកហម រ៉ន និងលោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី សាងសង់ផ្ទះឲ្យប្រជាពលរដ្ឋឲ្យបានរួចរាល់ និងប្រគល់ប្លង់កម្មសិទ្ធិមកឲ្យពួកគាត់។
អ្នកស្រី សេក ចាន់រ៉ា តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងប្តឹងទៅសង្កាត់ ខណ្ឌ និងសាលារាជធានីភ្នំពេញឲ្យជួយរកដំណោះស្រាយតែទទួលបានដំណោះស្រាយនោះទេ ទើបបានជាពួកគាត់ដាក់ពាក្យប្តឹងទៅសម្តេចតេជោ ហ៊ុន សែន ឲ្យជួយអន្តរាគមន៍។
អ្នកស្រី សេក ចាន់រ៉ា បានបញ្ជាក់ថា អ្នកខ្លះបង់លុយផ្តាច់ហើយអត់បបានទាំងប្លង់ អត់បានទាំងផ្ទះនៅ អ្នកខ្លះបង់រំលស់ខាងក្រុមហ៊ុនអត់ដាក់ជាងសាងសង់។ ហើយក្រុមហ៊ុនកុងត្រាជាមួយអតិថិជនរយៈពេល ១២ខែធ្វើផ្ទះហើយ ដល់ពេល១២ខែអត់ទាន់ហើយ ក្រុមហ៊ុនធ្វើកុងត្រាសាថ្មីទៀត បន្តតាំងពី១២ខែរហូតដល់៣ ទៅ៤ឆ្នាំ ដោយអត់ព្រមដាក់ជាងសាងសង់ទេ។ ហើយខាងថៅកែបុរីគេចវេសមិនព្រមដោះស្រាយជាមួយអតិថិជនទេ។ ហើយដាក់ពាក្យប្តឹងទៅខណ្ឌឲ្យជួយអន្តរាគមន៍គឺគេមិនមានដំណោះស្រាយឲ្យទេ បែរជាហៅប្រជាពលរដ្ឋទៅសម្រួល ទៅសម្រួលយ៉ាងម៉េច ប្រជាពលរដ្ឋចង់ឲ្យខាងខណ្ឌហហៅភាគីទាំងសងខាងមកតទល់គ្នាដោះស្រាយ មិនមែនឲ្យទៅសម្រួលទេណតែខាងខណ្ឌកាន់ជើងខាងបុរីគេអត់មានដំណោះស្រាយឲ្យពួកប្រជាពលរដ្ឋបែរជាឲ្យប្រជាពលរដ្ឋសម្រួលទៅវិញ សម្រួលម៉េចកើតបើខាងបុរីខុស។
អ្នកស្រីបានបន្តថា ខាងក្រុមហ៊ុនមិនមានដំណោះស្រាយឲ្យប្រជាពលរដ្ឋបែរជានិយាយឲ្យប្រជាពលរដ្ឋចង់ប្តឹងទៅដល់ណាប្តឹងទៅ។ ហើយកន្លងមកប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងទៅសង្កាត់ ខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ តែមិនមានដំណោះស្រាយ ទើបប្រជាពលរដ្ឋនាំគ្នាឡើងទៅដាក់ពាក្យប្តឹងនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាមន៍។
លោកហម រ៉ន និងលោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី មិនអាចសុំការអត្ថាធិប្បាយបានទេ៕ ដោយៈ ចេស្តារ

