ភ្នំពេញ៖ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់ មកពីធ្វើការនៅប្រទេសហ្គាណា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ស្តីពី ករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ០១នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ-៩ បំប្លែងថ្មី ឈ្មោះ អូមីក្រុង (Omicro) ម្នាក់ ដែលមានលទ្ធផលវិភាគ បញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងនេះ ត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាបុក ក្រុងបាវិត ខេត្តស្វាយរៀង។ ស្រ្តីរូបនេះ មានផ្ទៃពោះចំនួន ១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ (ដោយនៅរងចាំជើងហោះហើរចំនួន ១៤ ម៉ោង ទើបបន្តដំណើរមកដល់ ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាក ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។
បច្ចុប្បន្ននេះ អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ ៣ការពារ និង ៣កុំ” និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមសហគមន៍របស់យើង។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


