ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតឡើងលើសួនផ្លូវ បណ្ដាលឱ្យរកការខូចខាត រថយន្តនិងខឿនសួនច្បារអស់មួយចំនួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AI-9573 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុ.កខឿនឡើងសួនផ្លូវ បណ្តាលឲ្យរងការខូចខាតខឿនព័ទ្ធសួនច្បារផ្លូវ អស់មួយចំនួន និងរថយន្តបង្កខូចផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តផ្ទាល់ខ្លួន និងខឿនផ្លូវជាទ្រព្យសម្បត្តិរដ្ឋ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





