ភ្នំពេញ ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



