Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ អំពាវនាវឲ្យម្ចាស់រថយន្តទាំងអស់ ដែលជ្រកក្រោមផ្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ សូមប្រញ៉ាប់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនដំណាច់ឆ្នាំ២០២១នេះ គឺផុតកំណត់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យម្ចាស់រថយន្ត ដែលមិនទាន់បង់ពន្ធទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនដំណាច់ឆ្នាំនេះ ដើម្បីទទួលបានការអនុគ្រោះ ១០ភាគរយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ។

សម្ដេចតេជោ បានអំពាវនាវឲ្យម្ចាស់រថយន្តទាំងអស់ ដែលជ្រកក្រោមផ្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ សូមប្រញ៉ាប់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនដំណាច់ឆ្នាំ២០២១នេះ ពោលគឺផុតកំណត់នៅថ្ងៃទី៣០ធ្នូ២០២១ ដើម្បីទទួលបានការអនុគ្រោះ១០% ហើយបើមិនបង់មុនឆ្នាំ២០២១នោះទេ មិនមានការអនុគ្រោះគ្រោះ១០%ឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ ត្រូវបង់ពន្ធលើមធ្យោយបាយ ដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។ នេះបើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

លិខិតរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចចារយល់ព្រម លើការស្នើទាំង៥ចំណុចរួមមាន៖

១៖ ចំពោះយានយន្តឯកជន ក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្តមួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះ ពុំមែនមានន័យថា ម្ចាស់យានយន្តបានរួចផុតពី កាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

២៖ អគ្គនាយកដ្ឋានពន្ធដារ រៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ លេខ ខ.ម និង ន.ប អំពីភិនភាគសម្គាល់យានយន្ត និងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល។

៣៖ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា។

៤៖ គ្រប់ក្រសួង និងស្ថាប័នត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការ អនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេសដូចជា រថយន្តអគ្គិភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទម្រង់ណាមួយ ក្នុងការ «ទទួលស្គាល់» រថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណីរកឃើញបុគ្គលដែលមានការពាក់ព័ន្ធខាងលើត្រង់ចំណុចនេះ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

៥៖ អនុញ្ញាតឲ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឲ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះ មានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ ។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាននឹងតម្រូវឲ្យដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា យានយន្តនាំចូលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីក្រុមទំនិញនេះ ដើរតួនាទីជាងពាក់កណ្តាល (៥៣%) នៃចំណូលសរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ, ឆ្នាំ២០២០ តួលេខនេះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ១៩។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចាត់ទុកថាការចូលមកបង់ពន្ធរបស់ម្ចាស់រថយន្តទាំងឆ្វេង ទាំងស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ កំរិតនេះ គឺជាលទ្ធផលមួយល្អប្រសើរ បើធៀបទៅនឹងពេលវេលានៃការចាប់ផ្តើម និងដំណាក់កាលនៃការផ្សព្វផ្សាយ។ ទោះយ៉ាងណា លោក គុណ ញឹម សង្ឃឹមថានឹងមានម្ចាស់រថយន្តអត់ពន្ធចូលទៅបង់ពន្ធជាបន្តបន្ទាប់ដោយសារនៅសល់ពេលវេលាច្រើនដល់ទៅជាង៨ខែទៀត។

ឯកឧត្តម គុណ ញឹម បានបន្តថ្លែងអំពាវនាវ ដល់ម្ចាស់រថយន្តចង្កូតស្តាំ និងរថយន្តចង្កូតឆ្វេង ដែលមិនទាន់បានបង់ពន្ធ រូតរះទៅបង់ពន្ធអាករឱ្យបានគ្រប់គ្រប់ៗគ្នា មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីទទួលបានការអនុគ្រោះ១០% បើមុនដូច្នេះទេ ការបង់ពន្ធនឹងមិនមានការលើកលែងទៀតឡើយ «ខ្ញុំសូមអំពាវនាវដល់ម្ចាស់រថយន្តទាំងចង្កួតស្តាំ និងចង្កូតឆ្វេង រួសរាន់អញ្ជើញចូលមកបង់ពន្ធអាករ ការបំពេញកាតព្វ កិច្ចពន្ធអាករ គឺជាកាតព្វកិច្ចដែលចែងដោយច្បាប់ ស្តីពីគយ គឺរាល់ការនាំចេញចូលទំនិញ ត្រូវតែមានការតព្វកិច្ច ដូចមានចែងក្នុងច្បាប់ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០% លើពន្ធសរុប សូមរួសរាន់មកប្រកាសបង់ពន្ធរថយន្តរបស់ខ្លួន រថយន្តចង្កូតឆ្វេង គឺឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ»៕ ​រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×