Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិដ្ឋានចិញ្ចឹមមាន់ពីរកន្លែង ក្នុងស្រុកពារាំង ជះក្លិនស្អុយអាក្រក់ រុយហើរចូលមាត់ ប្រជាពលរដ្ឋពិបាករស់នៅ ប៉ះពាល់សុខភាព

ខេត្តព្រៃវែង ៖ កសិដ្ឋានចិញ្ចឹមមាន់ពីរកន្លែង ស្ថិតក្នុង ភូមិទំពាំងជ្រើស និងភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង កំពុងត្រូវបានប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត និងប្ដឹងទៅអាជ្ញាធរភូមិ-ឃុំ សុំឱ្យជួយអន្តរាគមន៍ដល់ពួកគាត់រឿងក្លិនស្អុយ និងរុយរោមច្រើនស្អេកស្កះ ពិបាកដកដង្ហើម ពិបាកញ៉ាំអាហារ ជាពិសេស រាល់ពេលញ៉ាំបាយម្ដងៗ គឺពិបាកជាខ្លាំង ព្រោះត្រូវស្រូបយកក្លិនស្អុយពីអាចម៍មាន់ផង និងការពាររុយកុំឲ្យចូលមាត់ផង។

សូមបញ្ជាក់ជាថ្មីម្ដងទៀត កសិដ្ឋានចិញ្ចឹមមាន់ពីរកន្លែងនេះ ស្ថិតក្នុង ភូមិទំពាំងជ្រើស និងភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង មួយរោងនៃកសិដ្ឋាន ស្ថិតក្នុងភូមិទំពាំងជ្រើស និងមួយរោងទៀត ស្ថិតក្នុងភូមិមេលោង ឃុំព្រៃស្នៀត (ពីររោងធំៗ)។ ក្លិនស្អុយចេញពីអាចម៍មាន់ ដែលម្ចាស់កសិដ្ឋានខ្វះការរៀបចំសណ្ដាប់ធ្នាប់អនាម័យនេះ បានបង្កឲ្យជះក្លិនស្អុយស្ទើរតែពេញទាំងពីរភូមិនេះទៅហលយ គឺក្លិនស្ងុយ ហ្នឹងសំបូរសត្វរុយ រយៈពេលជាង ៥ឆ្នាំមកហើយ ពួកគាត់ធ្លាប់រាយការណ៍ប្រាប់លោកមេភូមិជាច្រើនលើកច្រើនសារួចមកហើយ ប៉ុន្តែលោកមេភូមិ ហាក់ដូចជាកាងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ទាំងនោះទៅវិញ រហូតដល់ប្រជាពលរដ្ឋលែងហ៊ានរាយការណ៍ និងមិនហ៊ានធ្វើការតវ៉ាចំពោះមុខលោកមេភូមិ និងម្ចាស់កសិដ្ឋានទៀតនោះទេ ខ្លាចគេគុំកួននាំមានរឿងទៅថ្ងៃក្រោយ។

ប្រជាពលរដ្ឋបាននិយាយថា ពេលនេះ គឺមានតែប្ដឹងអ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយ ដើម្បីស្វែងរកយុត្តិធម៌ដល់ការរស់នៅរបស់ពួកគាត់ តាមបែបសុខភាពអនាម័យត្រឹមត្រូវ ជូនពួកគាត់ប៉ុណ្ណោះ ក្រែងថ្នាក់លើ ដូចជាមេឃុំ មេស្រុក មន្ទីរកសិកម្ម និងគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់។

ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នេះ ១- ឈ្មោះឡាំង រ៉ា ស្ថិតក្នុងភូមិទំពាងជ្រើស , ២- ឈ្មោះ ម៉េង គឹមហ៊ាន ស្ថិតក្នុងភូមិមេលោង ឃុំព្រៃស្នៀត , ពួកគេបានបង្កើតអាជីវកម្មកសិដ្ឋានចិញ្ចឹមមាន់នេះ អស់រយៈពេល ៦ឆ្នាំមកហើយ ហើយក៏ប៉ះពាល់ដល់សុខភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋតាំងពីពេលនោះមកផងដែរ។ បានជាប្រជាពលរដ្ឋមិនហ៊ានប្ដឹងប្ដល់តស៊ូចំពោះមុខនោះ គឺដោយសារម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ទាំងពីរកន្លែងនេះ សុទ្ធសឹងតែជាក្មួយៗរបស់ លោក គ្រៀង ឡា មេឃុំព្រៃស្នៀតទាំងអស់។

លោក ម៉េង គឹមហ៊ាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ក្នុងភូមិមេលោង នៃឃុំព្រៃស្នៀត បានលើកជាសំណួរតបវិញថា តើមុខមាត់ប្រជាពលរដ្ឋមួយណាទៅដែលប្ដឹងតវ៉ាពីរឿងនេះ, ចាំគាត់ជួបបងប្អូនប្រជាពលរដ្ឋទាំងនោះផ្ទាល់ ឬទល់មុខគ្នាសិន ទើបគាត់នឹងដោះស្រាយចំពោះបញ្ហារុយ និងក្លិនស្អុយនេះ ព្រោះគាត់ចង់ឃើញប្រជាពលរដ្ឋតវ៉ាមានមុខមាត់ពិតប្រាកដ។ ប៉ុន្តែទោះជាយ៉ាងណា លោកបានសន្យាថា លោកនឹងកែសម្រួលលុបបំបាត់ក្លិនស្អុយ និងរុយ, ប៉ុន្តែការសន្យានេះ មិនបានកំណត់ពេលវេលាច្បាស់លាស់នោះទេ មិនដឹងថា តើពេលណា ត្រូវលុបបំបាត់ក្លិនស្អុយនិងរុយនេះចេញនោះឡើយ???

លោក អាន ផុន មេភូមិទំពាំងជ្រើស នៃឃុំព្រៃស្នៀត និយាយថា អារឿងក្លិនស្អុយ អាក្រក់ និងកើតរុយស្អេកស្កះ ពាសវាលពាសកាលនេះ កន្លងមក លោកពុំដែលទទួលបានការប្ដឹង ឬតវ៉ាពីប្រជាពលរដ្ឋនោះទេ, ហើយថា លោកនឹងដោះស្រាយជូនប្រជាពលរដ្ឋចំពោះបញ្ហានេះ ប៉ុន្តែមិនបានកំណត់ពេលវេលាច្បាស់លាស់នោះទេ។

សម្រាប់ លោក គ្រៀង ឡា មេឃុំព្រៃស្នៀត នៃស្រុកពារាំង នេះវិញ បានបកស្រាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកទទួលស្គាល់ថា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ទាំងពីរកន្លែងខាងលើនេះ ពិតជាកូនក្មួយរបស់គាត់ប្រាកដមែន, ប៉ុន្តែលោកមេឃុំបញ្ជាក់ថា រឿងកូនក្មួយគឺជារឿងផ្សេង សុខទុក្ខប្រជាពលរដ្ឋគឺជារឿងផ្សឹង ព្រោះការបោះឆ្នោតជ្រើសរើសមេឃុំ ឬក្រុមប្រឹក្សាឃុំ មិនមែនកូនក្មួយគាត់ពីរបីនាក់ហ្នឹងទេ គឺប្រជាពលរដ្ឋក្នុងភូមិទាំងមូល, ហើយលោកក៏មិនអាចឲ្យកូនក្មួយរបស់លោកមកប៉ះពាល់សេចក្ដីសុខរបស់ប្រជាពលរដ្ឋនោះដែរ, ជាក់ស្ដែង ដូចជាការបើកកសិដ្ឋានចិញ្ចឹមមាន់ខ្វះអនាម័យ ធ្វើឱ្យប៉ះពាល់សុខភាព, កើតសត្វរុយច្រើននេះជាដើម។

លោក គ្រៀង ឡា មេឃុំព្រៃស្នៀត បញ្ជាក់ទៀតថា កន្លងមក លោកពុំដែលបានទទួលការប្ដឹងតវ៉ាអ្វីពីប្រជាពលរដ្ឋនោះទេ សូម្បីតែតាមរយៈមេភូមិ ក៏មិនដែលឃើញមេភូមិ មករាយការណ៍ប្រាប់លោកម្ដងណាដែរ។ លោកមេឃុំព្រៃស្នៀត បញ្ជាក់ថា មិនចាំបាច់ទាល់តែប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងមូលនោះទេ សូម្បីតែប៉ះពាល់ ២-៣នាក់ ក៏លោកត្រូវតែដោះស្រាយករណីនេះជូនប្រជាពលរដ្ឋដែរ, លោកមេឃុំអះអាងថា នឹងកោះហៅម្ចាស់កសិដ្ឋានទាំងពីរនេះ មកធ្វើកិច្ចសន្យាដើម្បីរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ឲ្យប្រជាពលរដ្ឋរស់នៅបានល្អប្រសើរឡើងវិញ។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងពីរ គឺភូមិទំពាំងជ្រើស និងភូមិមេលោង ដែលរងនូវក្លិនស្អុយ និងលុយច្រើនច្រវាត់ច្រវែងពីកសិដ្ឋានចិញ្ចឹមមាន់នេះទៀតសោត ក៏បានអះអាងដែរថាពួកគាត់បានប្ដឹងទៅលោកមេភូមិ និងលោកមេឃុំ ច្រើនលើកច្រើនសាណាស់មកហើយ ប៉ុន្តែមិនមានដំណោះស្រាយទាល់តែសោះ គឺមានតែការគំរាមកំហែងតបមកវិញពីសំណាក់អាជ្ញាធរមូលដ្ឋាន, ហើយបើពួកគាត់ប្ដឹងតវ៉ានោះ ត្រូវបានអាជ្ញាធរភូមិ-ឃុំជួយដោះស្រាយមែននោះ គឺមិនមែនពួកគាត់ដល់ថ្នាក់មកប្ដឹងអ្នកសារព័ត៌មាន ឲ្យជួយផ្សាយរកយុត្តិធម៌នោះទេ ម៉្លេះពួកគាត់បញ្ចប់ការតវ៉ាតាំងពីយូរយារណាស់មកហើយ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថាក្រោយពីសារព័ត៌មានផ្សព្វផ្សាយ ក្នុងរឿងនេះហើយ សូមលោកប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងគណៈអភិបាលខេត្តព្រៃវែង មេត្តាជួយអន្តរាគមន៍ផ្ដល់នូវការរស់នៅល្អប្រសើរ ផ្នែកអនាម័យសុខភាពជូនពួកគាត់ផង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×