Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការតម្លើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿង នៅនៅស្ថានីយ៍បូមទឹកបឹងទំពុន ដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូប ក្នុង១វិនាទី

ភ្នំពេញ ៖ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពតម្លើងម៉ូទ័របូមទឹកខ្នាតធំ ដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែធ្នូនេះថា ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះ មានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូបក្នុង១វិនាទី ដែលជាគម្រោងសាងសង់បន្ថែមសមត្ថភាព បូមទឹកលើស្ថានីយ៍បច្ចុប្បន្ន ធ្វើឲ្យសមត្ថភាពបូមទឹកថ្មីកើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង១វិនាទី។

លោកសាំ ពិសិដ្ឋ បន្តថា ការតម្លើងម៉ូទ័របូមទឹកខ្នាតធំ ខាងលើនេះ យើងបានអនុវត្តតាំងពីថ្ងៃទី០៣ធ្នូឆ្នាំ២០២១មកម្ល៉េះ ពោលគឺទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់បំពង់បង្ហូរទឹកក្រោមផ្លូវ៣៧១យើងបានស្ថាបនារួចរាល់។ ជារួមលទ្ធផល គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណ៧០ភាគរយ។ គម្រោងនេះនឹងបញ្ចប់១០០% នៅក្នុងខែមិនាឆ្នាំ២០២២ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា អភិបាលនៃអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញបញ្ហាខាងលើនេះ ដោយលោកបានជំរុញឲ្យក្រុមការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការស្ថាបនាការដំឡើងម៉ូទ័របូមទឹកខ្នាតធំខាងលើនេះ ឱ្យបានរួចរាល់ នៅមុនរដូវវស្សាមកដល់ ដើម្បីយើងអាចបូមទឹក រំដោះការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នៅរដូវវស្សាឆ្នាំ២០២២ខាងមុខនេះ។

លោកសាំ ពិសិដ្ឋបន្តទៀតថា ស្ថានីយ៍នេះ នឹងក្លាយជាស្ថានីយ៍មានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ ដែលធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវលេខ ២០០៤) ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×