Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល១១ខែនៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៥៣៣លើក ស្មើនឹង១៨% អ្នកស្លាប់ថយចុះចំនួន១៦២នាក់ ស្មើនឹង១១% អ្នករបួសថយចុះចំនួន១១២០នាក់ ស្មើនឹង២៦%

spot_img

កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ ដែលបានប្រព្រឹត្តទៅខេត្តកំពង់ចាម។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ឯកឧត្តមអភិបាលនៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត តំណាងអង្គការជាតិ តំណាងក្រុមហ៊ុន យុវជនស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ៥០០នាក់។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួយពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ និងដើម្បីជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់មជ្ឍដ្ឋានជាតិ អន្តរជាតិក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបដែលជាក្តីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖នៅក្នុងឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានថយចុះចំនួន៩៤២លើក ស្មើនឹង២៣% អ្នកស្លាប់ បានថយចុះចំនួន៣៣៥នាក់ ស្មើនឹង១៧% អ្នករបួសថយចុះចំនួន១៤៥៥នាក់ ស្មើនឹង២៤% ប្រៀបធៀបនឹងឆ្នាំ២០១៩។ ដោយឡែក ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៥៣៣លើក ស្មើនឹង១៨% អ្នកស្លាប់ថយចុះចំនួន១៦២នាក់ស្មើនឹង១១% អ្នករបួសថយចុះចំនួន១១២០នាក់ ស្មើនឹង២៦%។

ថ្លែងក្នុងរបាយការណ៍គោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីទាំងមូល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម បានគួសបញ្ជាក់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ធ្វើឱ្យខេត្តកំពង់ចាមមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ជាបណ្តើរៗ។

ថ្លែងក្នុងសុន្ទរកថាទៅកាន់អង្គពិធី សម្ដេចក្រឡាហោមបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយជនរងគ្រោះ និងសាច់ញាតិទាំងឡាយដែលបានរងគ្រោះថ្នាក់បាត់បង់ជីវិត ក្នុងពេលធ្វើចរាចរណ៍កន្លងមក និងបានបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ សូមបានជួបប្រទះតែសុគតិភព និងបានសម្ដែងនូវការសាកសួរសុខទុក្ខដល់ជនរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងសូមប្រសិទ្ធិពរឆាប់បានជាសះស្បើយ និងវិលមកកាន់ជីវភាពរស់នៅជាធម្មតាឡើងវិញ។

ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម បានគូសបញ្ជាក់ពីលទ្ធផលល្អប្រសើរនៃការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលកើតចេញពីការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចពាក់ព័ន្ធ និងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាងរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីឈ្លាសវៃទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។

បន្ថែមពីលើនេះ សម្ដេចក្រឡហោម បានលើកឡើងថា៖ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិ៧ចំណុច នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាភូមិ ឃុំ សង្កាត់ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ដោយចាត់ទុកគ្រោះថ្នាក់ចរាចរណ៍ស្ថិតក្នុងចង្កោមបញ្ហាជាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរម្យនា។

ជាមួយគ្នានោះផងដែរ សម្តេចក្រឡាហោម បានណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ឱ្យបង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ថែមទៀតតាមទិសដៅការងាររបស់គ.ស.ច.គ. ឱ្យកាន់តែម៉ឺងម៉ាត់ដាច់ខាត ប្រកបដោយតម្លាភាព បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាពឱ្យបានទូលំទូលាយដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋាន យកចិត្តទុកដាក់បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ និងត្រូវចុះតាមរាជធានី-ខេត្តដើម្បីជួយជំរុញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យមានវឌ្ឍនភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចក្រឡាហោម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមថែមទៀតក្នុងការគោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនាក្នុងគ្រួសារ និងដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងផងដែរ។

ជាទីបញ្ចប់ សម្តេចក្រឡាហោម បានថ្លែងការកោតសរសើរដល់អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. និងអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ដែលបានរៀបចំទិវារំលឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ ប្រព្រឹត្តទៅបានជោគជ័យជាមួយនឹងការអនុវត្តតាមវិធាន សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ យ៉ាងម៉ត់ចត់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×