Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បាន​ពន្យល់​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ពី​វត្តមាន​ជនជាតិ​ចិន​លើ​ទឹកដី​កម្ពុជា​

spot_img

​​ភ្នំពេញ ៖ ឆ្លើយតប​នឹង​ការរិះគន់​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​ជនជាតិ​ចិន នៅ​ទឹកដី​កម្ពុជា ដែល​មាន​ជនជាតិ​ចិន​មួយចំនួន​បាន​បង្ក​ភាព​អ​នាធិ​តេ​យ្យ​នោះ សម្តេច​តេជោ​ហ៊ុន សែន បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​កុំ​មាន​ការព្រួយបារម្ភ ព្រោះ​ជនជាតិ​ចិន​មក​រស់នៅ​កម្ពុជា តែ​វត្តមាន​ចិន គឺ​មួយ​ភាគ​ធំ ជា​ទេសចរណ៍ ដែល​រួមចំណែក​ដល់​កំណើន​ចំណូល​លើ​វិស័យ​ទេសចរណ៍ ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ពន្យល់​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ចិន​នឹង​មិន​មក​នៅក្នុង​ទឹកដី​កម្ពុជា​រហូត​នោះ​ទេ គ្រាន់តែ​មក​បណ្តាក់ទុន​រកស៊ី​ប៉ុណ្ណោះ​។​

​ការប្រកាស​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សាកលវិទ្យាល័យ​ក្រចេះ ស្ថិត​ក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​បរទេស ជាច្រើន​បាន​មក​វិនិយោគ ប៉ុន្តែ​ធនធាន​មនុស្ស​កម្ពុជា នៅ​មិនទាន់​ឆ្លើយតប​ទាំងស្រុង ទៅនឹង​តម្រូវការ​របស់​ក្រុមហ៊ុន​ទាំងនោះ​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ទាំងនោះ ត្រូវ​នាំ​អ្នកបច្ចេកទេស និង​កម្មករ​ឯកទេស មក​ធ្វើការ​នៅ​កម្ពុជា​។​

​សម្តេច​បាន​បញ្ជាក់ថា កន្លងមក​មាន​ការរិះគន់​រឿង​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា ដែល​ចាំបាច់​ត្រូវ​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​យល់ ។ សម្តេច​តេជោ បាន​លើកឡើង​ជា​សំណួរ​ថា តើ​ជនជាតិ​ចិន​មក​កម្ពុជា​នេះ គេ​មក​របៀប​ម៉េច​? ទី​១ នោះ គឺ​ទេសចរណ៍​ចិន​មក​ទស្សនា​នៅ​កម្ពុជា​ចំនួន​១ លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ប្រមូលបាន​ចំណូល​ពី​ទេសចរណ៍ ព្រោះ ចិន​គេ​មិនមែន​មក​នៅ​ស្រុក​ខ្មែរ​ទេ​ខុសពី​ជំនាន់​ដើម ។ សម្តេច​តេជោ ហ៊ុន សែន បាន​ហៅ​អ្នក​ដែល​រិះគន់ថា ក្រុមហ៊ុន​ចិន មក​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ គឺជា​មតិ​អគតិ​។ សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​មតិ​មួយចំនួន​ដែល​ជា​មតិ​អគតិ​ទាំងស្រុង មាន​ការរិះគន់​ទៅលើ​ក្រុមហ៊ុន​ចិន ជនជាតិ​ចិន មក​កម្ពុជា តែ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ជនជាតិ​ចិន​មក​កម្ពុជា​នេះ គេ​មក​របៀប​ម៉េច ទី​១ គឺ​ទេសចរណ៍ ១​លាន​២​សែន​នាក់ នាំមក​នូវ​ប្រាក់​ចំណូល​ពី​ប្រទេស​ចិន មកកាន់​ប្រទេស​កម្ពុជា​ច្រើន​ណាស់​។ ចិន​គេ​មិន​មក​នៅ​ស្រុក​ខ្មែរ​ទេ បើ​ចិន​ជំនាន់​គេ លុក​លុយ ជំនាន់​ចិន​វេទនា​នោះ អាហ្នឹង​ចិន​ពិតជារ​ត់​ពី​ស្រុក​ចិន​មក​នៅ​ស្រុក​ខ្មែរ មក​នៅ​អាស៊ី​អាគ្នេយ៍​ច្រើនណាស់ ឯ​នៅ​ស្រុក​ខ្មែរ​រាប់​ទាំង​ពី​ដង​ទន្លេមេគង្គ នៅ​ខាង​ប្រពន្ធ​ខ្ញុំ​”​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​ថា ក្រៅពី​ទេសចរណ៍​ចិន គឺ​មាន​ក្រុមហ៊ុន​ចិន​ច្រើនណាស់ មក​វិនិយោគ​នៅ​កម្ពុជា និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​សំណង់​សំខាន់ៗ គឺ​ត្រូវការ​កម្មករ​ជំនាញ​ផងដែរ ព្រោះ​ធនធាន​មនុស្ស​កម្ពុជា​មាន​ការកើនឡើង​ក៏ពិតមែន តែ​នៅមានកម្រិត ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែម​ថា ៖ “​កុំ​ព្រួយ​រហូត​ថា ចិន​មក​នៅ​ស្រុក​ខ្មែរ​នោះ ព្រោះ​ក្រុមហ៊ុន​បរទេស​មួយ​ណា​មិន​ថា តែ​ក្រុមហ៊ុន​ចិន​នោះ​ទេ​ក៏​មាន​អ្នកឯកទេស បរទេស​បម្រើការ​ឲ្យ​ស្ថាប័ន​រប​ស់​គេ ពេល​ធនធាន​ក្នុង​ស្រុក​មិន​គ្រប់​តម្រូវការ “​។​

​សូមបញ្ជាក់​ថា វត្តមាន​ដ៏​ច្រើន​នៃ​ជនជាតិ​ចិន​លើ​ទឹកដី​កម្ពុជា បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព និង​សេដ្ឋកិច្ច នៅតាម​ខេត្ត​សំខាន់ៗ​មួយចំនួន នៃ​ប្រទេស​កម្ពុជា ដូចជា នៅ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​ជា​ដើម​។ ជនជាតិ​ចិន​ទាំង​នោះ​តែងតែ​ប្រើ​អំពើហិង្សា​កាប់​ចាក់​គ្នា និង​ការប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​អំពើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​លោក ស្យុង បូ (Xiong Bo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាលពីដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ បាន​អះអាង​ថា រដ្ឋាភិបាល​ចិន​មិន​គាំទ្រ​ចំពោះ​សកម្មភាព ល្មើស​បែប​នេះ​ឡើយ ហើយ​ចិន​ក៏​ប្រឆាំង​ដាច់ខាត​ចំពោះ​ជនជាតិ​ចិន​ណា​ដែល​ជួល​ផ្ទះ ឬ​បើក​គ្រឹះស្ថាន​នៅ​កម្ពុជា​ដើម្បី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះដែរ​។ ឯកអគ្គរដ្ឋទូត​ចិន លើកយក​ហេតុផល​ថា ការធ្វើ​ឲ្យ​ខេត្តព្រះសីហនុ ក្លាយជា​តំបន់​មួយ​ដែល​សម្បូរ​ដោយ​កាស៊ីណូ​នេះ នឹង​ធ្វើ​ឲ្យ​ខាតបង់​ដល់​ផលប្រយោជន៍​របស់​វិនិយោគិន​ចិន នៅ​ខេត្ត​ព្រះសីហនុ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ថា ការ​នេះ​ក៏​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ទេសចរណ៍​របស់​ជនជាតិ​ចិន ព្រមទាំង​ប៉ះពាល់​សម្រាប់​រយៈពេល​យូរអង្វែង​ដល់​អនាគត​ការអភិវឌ្ឍ​របស់​ខេត្ត​ព្រះសីហនុ ផងដែរ​។ លោក ស្យុង បូ លើកឡើងថា ភាគី​ចិន នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា រួមគ្នា​កសាង​ខេត្ត​ព្រះសីហនុ ឲ្យក្លាយ​ទៅ​ជា​កំពង់ផែ​ខ្នាត​អន្តរជាតិ ដែល​អាច​ទាក់ទាញ​វិនិយោគិន​ចិន កាន់តែ​ច្រើន​ឡើង​ឲ្យមក​វិនិយោគ​នៅ​ខេត្ត​នេះ​បន្ត​ទៀត​។​

ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​កម្ពុជា ឲ្យ​អនុវត្ត​ច្បាប់​ឲ្យបាន​យ៉ាង​តឹងរ៉ឹង​បំផុត ពោល​គឺ​មិន​ត្រូវ​បន្ធូរបន្ថយ​ទោស​ដោយ​សា​រតែគិ​តដល់​ទំនាក់ទំ​នង​ល្អ​រវាង​ចិន និង​កម្ពុជា ឡើយ ចំពោះ​ជនសង្ស័យ​ជា​ជនជាតិ​ចិន ទាំងឡាយណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​ចិន នឹង​ប្រឆាំង​ចំពោះ​ជនជាតិ​ចិន​ណាមួយ ដែល​ចង់​សាងសង់​កាស៊ីណូ (Casino) នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ទាក់ទាញ​ជនជាតិ​ចិន មក​លេង​ល្បែងស៊ីសង​។​

គិត​ចាប់ពី​ឆ្នាំ​២០១២​មក យ៉ាងហោច​ណាស់​មាន​ជន​ជាតិ​ចិន និង​ចិនតៃវ៉ាន់ ចំនួន ១​ពាន់​នាក់​ហើយ ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចាប់​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×