រដ្ឋធានីខាទុម (Khartoum)៖ មន្រ្ដីស៊ូដង់ បានអះអាងថា ការបាក់អណ្ដូងរ៉ែមាស នៅក្នុងភូមិ Fuja មានចម្ងាយ៧០០គីឡូម៉ែត្រ នាភាគខាងត្បូង រដ្ឋធានី Khartoum បណ្ដាលឲ្យកម្មករយ៉ាងតិច៣៨នាក់បាត់បង់ជីវិត។
សារព័ត៌មាន Wtop News បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែធ្នូ ថា ក្រុមហ៊ុនរ៉ែមាសគ្រប់គ្រងដោយរដ្ឋ នៃប្រទេសស៊ូដង់ បានប្រកាស កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា មានមនុស្សយ៉ាងតិច៣៨នាក់ស្លាប់ នៅក្នុងហេតុការណ៍បាក់ស្រុតអណ្តូងរ៉ែមាស នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសស៊ូដង់ បានផ្សាយថា ក្រៅពីមានមនុស្សស្លាប់នោះ ក៏មានមនុស្ស៨នាក់ បានរងរបួស នៅក្នុងហេតុការណ៍នោះ។ អណ្តូងរ៉ែមានសនេះ បានផ្អាកដំណើរការហើយ តែក្រុមកម្មករអណ្តូងរ៉ែ នៅក្នុងតំបន់ បាននាំគ្នាចូលទៅខាងក្នុង ដើម្បីជីកស្វែងរកមាស ដោយខ្លួនឯង ក្រោយក្រុមសន្តិសុខការពារបាននាំគ្នាចាកចេញទៅអស់។
ស៊ូដង់ ជាប្រទេសផលិតមាសដ៏ធំមួយ នៅលើពិភពលោក ហើយប្រទេសមានអណ្តូងរ៉ែមាសជាច្រើនកន្លែង នៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០២០ ប្រទេសអាហ្វ្រិកខាងកើតមួយនេះ បានផលិតមាស រហូតដល់៣៦,៦តោន ហើយនេះជាចំនួនមាសផលិតបានច្រើនលំដាប់ទីពីរ នៅក្នុងទ្វីបអាហ្វ្រិក។ ចំណែកការខួងយករ៉ែមាស តាមបែបសិប្បកម្ម ក៏កំពុងតែក្លាយជាមុខរបរមួយប្រកបដោយគ្រោះថ្នាក់បំផុត នៅក្នុងប្រទេសស៊ូដង់ ហើយមានកម្មករ ប្រមាណ២លាននាក់ កំពុងតែបម្រើការងារ នៅក្នុងវិស័យនេះ។ ដោយឡែក ការប្រើកម្លាំងមនុស្ស សម្រាប់ខួងយករ៉ែមាស កើនដល់ទៅ៨០ភាគរយ នៃមាសទម្ងន់៨០តោន ដែលខួងបាន នៅស៊ូដង់ក្នុងមួយឆ្នាំៗ៕






