Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីក្រសួងការពារជាតិអាមេរិក Austin ឆ្លងកូវីដ-១៩

រដ្ឋធានីវ៉ាស៊ីនតោន ៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានធ្វើតេស្ដ រកឃើញវិជ្ជមានពីជំងឺកូវីដ-១៩ ហើយបច្ចុប្បន្ន លោករដ្ឋមន្រ្ដីកំពុងតែធ្វើចត្ដាឡីស័ក នៅក្នុងលំនៅឋានរបស់លោក។

សារព័ត៌មាន CNBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសមួយ កាលពីថ្ងៃទី២ ខែមករា ថា លោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានធ្វើតេស្ដរកឃើញវិជ្ជមាន ពីជំងឺកូវីដ-១៩។ ប៉ុន្ដែលោកមានអាការស្រាល ហើយន្នកំពុងតែសម្រាកព្យាបាល នៅក្នុងលំនៅឋានរបស់លោក។

លោក Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ខ្ញុំបានផ្ដល់ព័ត៌មានដល់ថ្នាក់ដឹកនាំរបស់ខ្ញុំ ចំពោះលទ្ធផលវិជ្ជមានពីជំងឺកូវីដ-១៩ ក៏ដូចជា ជូនដំណឹងពីការឆ្លងកូវីដ-១៩នេះ ជូនដល់លោកប្រធានាធិបតី បៃដិន ផងដែរ។ រីឯបុគ្គលិករបស់ខ្ញុំ ដែលមានទំនាក់ទំនងជាមួយនឹងខ្ញុំ កាលពីសប្ដាហ៍មុន ក៏បានទៅធ្វើតេស្ដហើយដែរ ដោយរកឃើញអវិជ្ជមាន។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបន្ថែមថា លោកបានជួបចុងក្រោយជាមួយនឹងលោក ចូ បៃដិន ប្រធានាធិបតី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ហើយលោកប្រធានាធិបតីបានធ្វើតេស្ដអវិជ្ជមាន កាលពីពេលព្រឹកនោះ។ ក្រៅពីនេះ លោកបានជួបចុងក្រោយជាមួយនឹងបុគ្គលិក នៅមន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។ តែពេលនោះ លោកបានជួយក្នុងរយៈពេលខ្លី ដោយមានតែបុគ្គលិក ២ទៅ៣នាក់ប៉ុណ្ណោះ ហើយយើងនឹងត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និង រក្សាគម្លាតសង្គមឲ្យបានម៉ឺងម៉ាត់»។

សូមជម្រាបថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន២ដូសរួចរាល់ហើយ និងបានចាក់ «ដូសជំរុញ» រួចរាល់ កាលពីខែតុលា ឆ្នាំ២០២១ផងដែរ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏យកឱកាសនេះ ជំរុញឲ្យពលរដ្ឋអាមេរិកកាំងទាំងអស់ ប្រញាប់ប្រញាល់ទៅទទួលការចាក់វ៉ាក់សាំង «ដូសជំរុញ» ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×