ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជាតំណាងឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង (ពូនង) នៅក្នុងខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្តឹងប្តឹងលោកស្រីទ្រី ដាណា ទៅសាលាដំបូងខេត្តមណ្ឌលគិរី ពីបទជេរប្រមាថមើលងាយជាសាធារណៈដល់ជនជាតិដើមពូនង។ ការដាក់ពាក្យប្តឹងនេះ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។

នៅក្នុងពាក្យបណ្តឹងដាក់ចូលទៅប្រធានសាលាដំបូងខេត្តមណ្ឌលគិរី គឺសុំប្តឹងឈ្មោះ ទ្រី ដាណា ពីបទជេរប្រមាថមើលងាយជាសាធារណៈកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ត្រង់ចំណុចវីដេអូឡាយ ៣០.២៤ ដល់២៦ ។

តំណាងឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១
ឈ្មោះទ្រី ដាណា បាននៅក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈនិយាយអំពីផលិតផល និងអតីតប្តីរបស់គាត់ឈ្មោះម៉ៅ។ ហើយនៅពេលដែលអ្នកនាង ទ្រី ដាណានិយាយអំពីប្តីរបស់គាត់ គឺគាត់បានពោលពាក្យទៅកាន់អតីតប្តីរបស់គាត់ថា : “អានេះ ចេញមកព្នងចុងស្រុកម៉ង” ដែលជាពាក្យសំដីប្រមាថមាក់ងាយដល់ពួជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច និងបានធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសសឹចក្តីថ្លៃថ្នូររបស់ពូជអំបូរជនជាតិដើមភាគតិចជាសាធារណៈ និងដើម្បីផ្តល់កិត្តិយសរួម និងសេចក្តីថ្លៃថ្នូរសម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់គាត់ទាល់តែសោះនោះ សូមទាមទារឲ្យអ្នកស្រី ទ្រីដាណា សុំទោសជាសាធារណៈដល់ជនជាតិដើមព្នង។ សុំឲ្យបង់ប្រាក់ពិន័យចំនួន១០លានរៀល និងសុំឲ្យសងជំងឺចិត្ត២០មុឺនដុល្លារ។
ចំណែកលោកស្រីទ្រី ដាណា មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ CEN












