Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពញាចក្រី ហេង សំរិន ជំរុញឱ្យឯកអគ្គរាជរដ្ឋទូតកម្ពុជា ប្រចាំប្រទេសនានា លើកកម្កស់ផលប្រយោជន៍ និងត្រូវរក្សាការពារតម្លៃជាតិជាធំ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូតនៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ហើយទោះក្នុងកាលៈ ទេសៈណាក៏ដោយ ត្រូវរក្សាការពារនិងលើកតម្លៃជាតិជានិច្ច។

សម្តេចបានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូតត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយ ឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយមានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ២០២២នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាចំនួនបីរូប ដែលទើបត្រូវបានរាជរដ្ឋាភិបាលតែងតំាង ឱ្យបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួន ចូលជួបសម្តែងការគួរសមនិងជម្រាបលា ទទួលអនុសាសន៍ មុនចាកចេញពីមាតុប្រទេស ទៅបំពេញបេសកកម្មនៅតាមប្រទេសជាមិត្ត។

ឯកអគ្គរាជទូតដែលចូលសម្តែងការគួរសម និងជម្រាបលាសម្តេចនាឱកាសនេះមាន ឯកឧត្តម ទុយ រី ជាឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន ឯកឧត្តម កែវ ឈា ជាឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងឯកឧត្តម ផន ពៅ ជាឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋហ្វីលីពីន។

ក្រៅពីការលើកឡើងដូចខាងលើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ នៅតាមប្រទេសដែលឯកឧត្តមបំពេញការងារឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលានិងត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យ បានច្បាស់លាស់ ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់ក្រៅប្រទេស ហើយបង្កលក្ខណៈងាយស្រួលលើ សេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ ពួកគាត់។

ក្រៅពីនេះសម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តដល់ ឯកអគ្គរាជទូតទំាងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ប្រចាំនៅប្រទេសដែល ឯកឧត្តម ជាតំណាងឱ្យបានល្អបំផុត ដើម្បីកៀរគរផលប្រយោជន៍នានាជូនប្រទេសជាតិ ដូចជាការទាក់ទាញអ្នកទេសចរនិងអ្នកវិនិយោគមកកាន់កម្ពុជា ជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×