Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើបាតុ.កម្មតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ មានអង្គការជួយហិរញវត្ថុពីក្រោយ រាប់សិបម៉ឺនដុល្លារ ខណៈស្ថាប័នតុលាការ កំពុងតែធ្វើការស្វែងរកចាប់ខ្លួនមេខ្លោង

ភ្នំពេញ៖ ការធ្វើបាតុកម្មតវ៉ានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត ដែលមានអូសបន្លាយពេលអស់ជាង១០ថ្ងៃកន្លងមកនេះ មានអង្គការក្រៅស្រុកនិងក្នុងស្រុកមួយចំនួន បានជួយឧបត្ថម្ភជាសាច់ប្រាក់ រាប់សិបម៉ឺនដុល្លារ ដើម្បីធ្វើសកម្មភាពនៃការធ្វើបាតុ.កម្មបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងអសន្តិសុខសង្គម។

ទន្ទឹមនឹងនេះ មេដឹកនាំការតវ៉ានេះ ត្រូវបានសមត្ថកិច្ច ដូចជាស្ថាប័នតុលាការ កំពុងតែធ្វើការស្វែងរកចាប់ខ្លួនមេខ្លោង ដែលកំពុងគេចខ្លួន មកដាក់ទោសតាមច្បាប់ផងដែរ។

នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញនិងតំណាងអយ្យកាសាលាដំបូង
រាជធានីភ្នំពេញក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២២ នេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការធ្វើបាតុកម្ម តវ៉ានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីតនេះ បានអូសបន្លាយ អស់រយៈពេល១៣ថ្ងៃហើយ ដោយកម្លាំងមានសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធ នៃការដឹកនាំក្រុមធ្វើបាតុកម្មនេះចំនួន៩នាក់ ក្នុងនោះ៦នាក់ត្រូវបានបញ្ជូន ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តទោសទៅតាមច្បាប់។

លោកបញ្ជាក់ផងដែរថា ការធ្វើបាតុកម្មតវ៉ានេះ ដឹកនាំដោយលោកស្រីឈឹម ស៊ីថរ ជាប្រធាននិងមានសកម្មជនដឹកនាំពីរនាក់ទៀត គឺលោកឈ្មោះ សុខ គង្គានិងលោកឈ្មោះ សុខ ណារិទ្ធ ។ អ្នកទាំងបីកំពុងតែគេចខ្លួននូវឡើយ។

លោកឧត្តមសេនីយ៍ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាននេះផងដែរថា ការធ្វើបាតុកម្មនេះ គឺពិតជាមានការជួយជ្រោមជ្រែង ជាហិរញ្ញវត្ថុពីអង្គការក្រៅរដ្ឋាភិបាលមួយនៅក្រៅស្រុក និងអង្គការក្នុងស្រុកចំនួនពីរ ដោយបានឧបត្ថម្ភជាថវិកាជា បន្តបន្ទាប់ រហូតដល់រាប់សិបម៉ឺនដុល្លារ ដើម្បីរៀបចំឲ្យមានជាសកម្មភាពការធ្វើបាតុកម្មតវ៉ានៅមុខ ក្រុមហ៊ុនណាហ្គាវើលនេះ ។ គោលបំណងគឺធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងធ្វើឲ្យមានអសន្តិសុខនៅក្នុងសង្គម។ ពួកគេ ញុះញ៉ុងធ្វើយ៉ាងណា ឲ្យមានហិង្សា ជាមួយអាជ្ញាធរនិងកងកម្លាំង ដើម្បីទទួលនូវភាពចំណេញរបស់ពួកគេ។

លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅក្នុងសន្និសីទកាសែតនេះថា សមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើទូរស័ព្ទ និងទៅលើកុំព្យូទ័រ ដោយឃើញមានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងមានអង្គការចំនួន៣ ដោយមួយគឺនៅក្រៅប្រទេស និង២ទៀត នៅក្នុងស្រុក បានឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារ សម្រាប់គាំទ្រដល់ការធ្វើបាតុកម្មខុសច្បាប់នេះទេ។

លោកបានអះអាងថា សមត្ថកិច្ចបានចាប់ភស្តុតាងតាមរយៈការផ្ទេរ តាមធនាគារដោយថវិកាទាំងនោះត្រូវបានអង្គការចាត់តាំងទម្លាក់មកឱ្យមេក្រុមបាតុករទាំងនោះ តាមដំណាក់កាល ដើម្បីធ្វើបាតុកម្ម ហើយក្នុងការបញ្ជូនលុយដើម្បីឲ្យធ្វើបាតុកម្មនេះទៀតសោត គឺមានការទំលាក់ទៅឱ្យមនុស្សម្នាក់ ហើយមនុស្សម្នាក់នោះបានផ្ទេរបន្តចេញទៅឲ្យមេដឹកនាំបាតុកម្មផ្ទាល់គឺកញ្ញា ឈឹម ស៊ីថរ តែម្តង។

លោកបញ្ជាក់ថា៖ «លុយដែលយើងធ្វើការស៊ើបអង្កេតគឺការរកឃើញថា មានចំនួនរាប់ម៉ឺនដុល្លារ»។

លោកសេង ហៀង តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធទាំង៩នាក់នោះ គឺយើងបានធ្វើការឆែកឆេរ នៅទីស្នាក់ការ ជាមួយនឹងការសាកសួរចម្លើយជនជាប់ចោទ ឃើញថា បានពាក់ព័ន្ធនឹងការធ្វើបាតុកម្មដោយខុសច្បាស់។ យើងបានយកវត្ថុតាងចេញពីទូរសព្ទដៃ ចេញពីកុំព្យូទ័រ រកឃើញទឹកប្រាក់រាប់សិបម៉ឺនដុល្លារ ដែលអង្គការក្រៅប្រទេសនិងអង្គការក្នុងស្រុក បានផ្ដល់ជូនដល់ក្រុមធ្វើបាតុកម្ម តវ៉ានេះ ដែលជាវត្ថុតាងដែលអាចដាក់បន្ទុកជនសង្ស័យទាំងនេះបាន ។

លោកបញ្ជាក់ថា ការផ្ដល់ជំនួយសម្រាប់ធ្វើការអភិវឌ្ឍន៍គឺជាជំនួយដែលស្របច្បាប់ តែការផ្ដល់ជំនួយជាលក្ខណៈរៀបចំឲ្យការមានការធ្វើបាតុកម្មតវ៉ាធ្វើឲ្យមានបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បង្កអសន្តិសុខសង្គមជាជំនួយដែលខុសច្បាប់។ ដូច្នេះលោក សូមធ្វើការអំពាវនាវអោយបងប្អូន ដែលកំពុងធ្វើការតវ៉ាសូម កុំចាញ់បោក មេដឹកនាំបាតុកម្មតវ៉ានេះ ។ បងប្អូនគួរតែស្ដាប់ការណែនាំ របស់អាជ្ញាធរក៏ដូចជា ក្រសួងពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយទៅតាមនីតិវិធីនៃច្បាប់។

ចំណែកលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ថវិកាដែលបានផ្តល់ពីក្រៅប្រទេសមកនេះ មិនមែនមានតែមួយលើកនោះទេ។ លោកបានបញ្ជាក់ថា មានការឧបត្ថម្ភប្រាក់ជាច្រើនលើក ដែលភស្តុតាងទាំងនេះត្រូវបានរកឃើញនៅក្នុង Laptop របស់ក្រុមចលនាបាតុកម្មខុសច្បាប់ ដោយក្នុងនោះមានលើកទី១ ចំនួន៥ពាន់ដុល្លារ លើកទី២ ចំនួន៥ពាន់ដុល្លារ និងលើកទី៣ ចំនួន៥ពាន់ដុល្លារ ហើយមានចំនួនច្រើនជាងនេះថែមទៀត។

ការធ្វើបាតុកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសអន្លាយរយៈពេលច្រើនថ្ងៃមកហើយ បន្ទាប់ពីកម្មករដែលបានបញ្ឈប់ពីការងារទាមទារ ឱ្យមានការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និងលក្ខខណ្ឌមួយចំនួនទៀត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការធ្វើបាតុកម្មបានរីករាលដាល និងកាន់តែខុសច្បាប់ ក្រោយពេលមានការចូលរួមញុះញង់ និងមានការចាត់តាំង ខណៈដែលក្រសួងការងារ និងរដ្ឋបាលរាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួលច្រើនលើកក៏ដោយ។

លោកសាន សុខសីហា ក៏បានបញ្ជាក់បន្ថែមផងដែរថា កាលពីថ្ងៃទី០៣ខែមករា ម្សិលម៉ិញ កម្លាំង
មានសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៧នាក់បន្ថែមទៀតផងដែរ ។ ពួកគេកំពុងស្ថិតនៅក្នុងការសាកសួរស្រាវជ្រាវ។ ដោយឡែកសម្រាប់មេដឹកនាំសកម្មភាពបាតុកម្មតវ៉ានេះ ចំនួន៣នាក់ អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនផងដែរ ។ ដូច្នេះសូមបងប្អូនទាំងអស់បញ្ឈប់ នូវការធ្វើបាតុកម្មតវ៉ាដោយខុសច្បាប់នេះ និងប្តូរមក ជាការចូលរួមដោះស្រាយ ជាមួយនឹងអាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធ ដើម្បីយើងបានផលប្រយោជន៍ទាំងសងខាង។

កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កន្លងទៅ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចាប់ខ្លួនឃាត់មនុស្ស៩នាក់ ដែលបានញុះញង់ និងរៀបចំបាតុកម្មខុសច្បាប់នៅមុខណាហ្គាវើលដ៍ ហើយក្នុងចំណោមនោះមាន៦នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ ខណៈ៣នាក់ត្រូវបានអប់រំ និងដោះលែងវិញ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនជាប់ចោទ ៦នាក់នោះ ដែលពាក់ព័ន្ធនឹងការញុះញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ ជនទាំង៦នាក់នេះ ស្ថិតនៅក្នុងមនុស្ស៩នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

មនុស្ស៩នាក់ដែលត្រូវតុលាការចោទប្រកាន់នោះ រួមមាន៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩.សុខ គង្គ ផងដែរ។ កញ្ញា ឈឹម ស៊ីថរ និងមនុស្ស២នាក់ទៀត បាន និងកំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនតាមដីកាតុលាការ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×