Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីឥណ្ឌូនេស៊ី ការគាំទ្រចំពោះកម្ពុជា ក្នុងការអនុវត្តតួនាទី ជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ

កណ្តាល ៖ នៅភូមិគ្រឹះផ្ទះតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ទី០៤ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។

នៅក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម Joko Widodo បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗទាំងអស់ក្នុងឱកាសឆ្នាំសកល២០២២។ ឯកឧត្តមក៏បានអបអរសាទរ និងគាំទ្រចំពោះសម្តេចតេជោ ដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែង និងគូសបញ្ជាក់ថា ឯកឧត្តមនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាឲ្យសម្ដេចតេជោ ទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Joko Widodo និងបានជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះផងដែរ។ លើសពីនេះទៅទៀត សម្ដេចតេជោរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ដែលបានអបអរសាទរ និងសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប កាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានសម្ដែងនូវការកោតសរសើរ នូវភាពសកម្មរបស់ឥណ្ឌូនេស៊ី ក្នុងការផ្ដួចផ្ដើមគំនិតជាច្រើន ក្នុងការកសាងសហគមន៍អាស៊ាន ដែលថ្មីៗនេះមានដូចជា ៖
១)ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ាន ដើម្បីគ្រប់គ្រងទំនាក់ទំនង ជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន
២)ការរៀបចំច្រកធ្វើដំណើរ ក្នុងតំបន់អាស៊ានឆ្លើយតបទៅ នឹងការរឹតត្បិតដោយសារជំងឺកូវីដ១៩ រាតត្បាត។

ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ឯកឧត្តម Joko Widodo ចំពោះការជូនពរចំពោះការសំដែង នូវការគាំទ្រកម្ពុជាក្នុងការបំពេញតួនាទី ជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×