Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា មេរោគអូមីក្រុងនាំចូល កម្ពុជាគ្រប់គ្រងបានល្អខ្ជាប់ខ្ជួន ព្រួយបារម្ភតែពលរដ្ឋក្នុងស្រុកធ្វេសប្រហែសតែប៉ុណ្ណោះ

ភ្នំពេញ ៖ ក្នុងពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋនៅ មណ្ឌលសុខភាពស្រង៉ែ ស្រុកព្រៃឈរ និងមណ្ឌលសុខភាពអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស បានពន្យល់ប្រជាពលរដ្ឋថា ជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ដែលកំពុងតែរីករាលដាល ធ្វើឲ្យពិភពលោកមានការព្រួយបារម្ភនោះ ហើយក្នុងនោះកម្ពុជាក៏មានរកឃើញច្រើនជាបន្តបន្ទាប់ផងដែរ ប៉ុន្ដែសុទ្ធតែជាករណីនាំចូល ហើយត្រូវបានចាត់វិធានការព្យាបាលភ្លាមៗ។

ការលើកឡើងបែបនេះ របស់ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ឱ វណ្ណឌីន គឺដើម្បីឲ្យប្រជាពលរដ្ឋបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំថ្ងៃ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ បើទោះបីបានចាក់វ៉ាក់សាំងគ្រប់ចំនួន តាំងពីដូសមូលដ្ឋាន ដល់ដូសជំរុញក៏ដោយ ពោលគឺ មិនត្រូវធ្វើការធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ១៩នោះឡើយ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ពេលនេះជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង វាមានល្បឿនឆ្លងលឿនទៅទំលើខ្លួនមនុស្ស ហើយបើយើងធ្វេសប្រហែសមិនឆាប់ធ្វើតេស្តរកមើលឲ្យប្រាកដថា យើងមានឆ្លងជំងឺកូវីដ-១៩ប្រភេទ អូរមីក្រុង នេះដែរ ឬក៏អត់នោះ ? ឬថា បើមានការប្រហែសទុកឲ្យមេរោគអូមីក្រុង វាយលុកលើខ្លួនប្រាណយើងបាន នោះគឺពិបាកព្យាបាលហើយ អ៊ីចឹងទេ សូមយើងកុំប្រហែសឱ្យសោះ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ពេលនេះ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការគ្រប់គ្រងបានយ៉ាងល្អខ្ជាប់ខ្ជួនទៅលើមេរោគអូមីក្រុង មិនឲ្យឆ្លងចូលក្នុងសហគមន៍នោះទេ ប៉ុន្តែអ្វីដែលយើងកំពុងតែព្រួយបារម្ភនោះ គឺខ្លាចប្រជាពលរដ្ឋយើង ធ្វេសប្រហែសដោយប្រការណាមួយ ឆ្លងមេរោគអូមីក្រុង ពីកន្លែងណាមួយ ដោយមិនដឹងខ្លួន, ហើយបន្តផ្ទុះចូលក្នុងសហគមន៍ទៀតនោះ គឺយើងនឹងវឹកវរហើយ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ គោរព និងកុំភ្លេចវិធានការការពារ។

ទោះជាយ៉ាងណា លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់ថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយសារការគិតខុស ពិសេសស្ដ្រីមានផ្ទៃពោះ ស្ដ្រីបំបៅដោះកូន និងអ្នកមានជំងឺប្រចាំកាយជាដើម។ ត្រង់ចំណុចនេះ លោកស្រី បានសង្កត់ធ្ងន់ថា ពិតណាស់ស្ដ្រីមានផ្ទៃពោះ និងបំបៅដោះកូន គឺជាអាទិភាពក្នុងការចាក់វ៉ាក់សាំងទៅវិញទេ ពោលគឺ វ៉ាក់សាំងអាចឈានទៅដល់ការផ្ដល់នូវការការពារជូនកូនថែមទៀត។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានដោយជោគជ័យ ក្នុងការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញហើយនោះ នៅពេលនេះការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលសេសសល់ (ប្រជាពលរដ្ឋខ្លាចវ៉ាក់សាំង) ក៏សម្រេចបាន ជាង ៣៤ភាគរយ ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះ អាចចៀសផុតពីការយាយីដល់អាយុជីវិតនៃមេរោគកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×