Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឲ្យអ្នកជំងឺប្រចាំកាយ អ្នកជំងឺលើសឈាម ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីចាក់វ៉ាក់សាំង

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទូទាំងប្រទេស បានលើកឡើងថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឲ្យក្រសួងសុខាភិបាល លៃលករកមើលប្រជាពលរដ្ឋរូបណាដែលមិនទាន់បានចាក់វ៉ាក់សាំង ពោលគឺ ប្រជាពលរដ្ឋដែលសេសសល់ក្នុងការចាក់វ៉ាក់សាំង សូមធ្វើការអប់រំផ្សព្វផ្សាយ ប្រមូលពួកគេមកចាក់វ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានទាំងអស់ ចៀសវាងពីអត្រាស្លាប់កើនឡើងច្រើនដោយជំងឺកូវីដ-១៩, ពេលនេះ ក្រុមការងារបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលសេសសល់ ជាបន្តបន្ទាប់ទៀត សម្រេចបាន ជាង ៣៤ភាគរយហើយ, ហើយសូមឲ្យប្រជាពលរដ្ឋដែលភ័យខ្លាច មិនហ៊ានមកចាក់សាំងដោយមូលហេតុផ្សេងៗនោះសូមអញ្ជើញមកពិភាក្សាជាមួយក្រុមគ្រូពេទ្យ។

ការលើកឡើងបែបនេះ របស់លោកជំទាវ ឱ វណ្ណឌីន ធ្វើឡើងក្នុងពេលលោកស្រីចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋនៅ មណ្ឌលសុខភាពស្រង៉ែ ស្រុកព្រៃឈរ និងមណ្ឌលសុខភាពអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ជាការអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។

ទាក់ទងទៅនឹងការមានអារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋមួយចំនួន ដែលមិនហ៊ានទៅចាក់វ៉ាក់សាំងដោយប្រការណាមួយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពន្យល់ថា នាពេលកន្លងមក មានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយសារការគិតខុស ពិសេសស្ដ្រីមានផ្ទៃពោះ ស្ដ្រីបំបៅដោះកូន និងអ្នកមានជំងឺប្រចាំកាយជាដើម។ ត្រង់ចំណុចនេះ លោកស្រី បានសង្កត់ធ្ងន់ថា ពិតណាស់ស្ដ្រីមានផ្ទៃពោះ និងបំបៅដោះកូន ដែលកន្លងមក មានការភ័យខ្លាច តាមពិតទៅ គឺជាអាទិភាពក្នុងការចាក់វ៉ាក់សាំងទៅវិញទេ ពោលគឺ វ៉ាក់សាំងអាចឈានទៅដល់ការផ្ដល់នូវការការពារជូនកូនថែមទៀត។

សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា លើសឈាម ឬទឹកនោមផ្អែម គឺត្រូវមកទទួលនូវការពិគ្រោះពីក្រុមគ្រូពេទ្យជំនាញ នៅកន្លែងទទួលចាក់វ៉ាក់សាំងដែលមាននៅក្នុងភូមិឋានរបស់លោក-អ្នក ដើម្បីអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការពារអាយុជីវិតរបស់លោក-អ្នក។

ដោយឡែក ចំពោះការព្រួយបារម្ភមេរោគបំប្លែងងថ្មី អូរមីក្រុងវិញ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា បណ្ដាប្រទេសមួយចំនួននៅលើពិភពលោក.កំពុងតែព្រួយបារម្ភ ប៉ុន្តែសម្រាប់កម្ពុជាវិញ គឺគ្រប់គ្រងបានរឹងមាំហើយ, ដោយពេលនេះ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការគ្រប់គ្រងបានយ៉ាងល្អខ្ជាប់ខ្ជួនទៅលើមេរោគអូមីក្រុង ដូចជា នៅតាមច្រកព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងតាមអាកាសយានដ្ឋាននានា គឺការពារ គ្រប់គ្រងយ៉ាងម៉ត់ចត់ មិនឲ្យឆ្លងចូលក្នុងសហគមន៍នោះទេ ប៉ុន្តែអ្វីដែលយើងកំពុងតែព្រួយបារម្ភនោះ គឺខ្លាចប្រជាពលរដ្ឋយើង ធ្វេសប្រហែសដោយប្រការណាមួយ ឆ្លងមេរោគអូមីក្រុង ពីកន្លែងណាមួយ ដោយមិនដឹងខ្លួន, ហើយបន្តផ្ទុះចូលក្នុងសហគមន៍ទៀតនោះ គឺយើងនឹងវឹកវរហើយ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ គោរព និងកុំភ្លេចវិធានការការពារ។

លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវថា សូមប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំថ្ងៃ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ បើទោះបីបានចាក់វ៉ាក់សាំងគ្រប់ចំនួន តាំងពីដូសមូលដ្ឋាន ដល់ដូសជំរុញក៏ដោយ ពោលគឺ មិនត្រូវធ្វើការធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩នោះឡើយ គឺត្រូវអនុវត្តការពារគ្រប់វិធានការ ជាពិសេស អនុវត្ត ៣កុំ ៣ការពារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×