ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ បានឃុំខ្លួន ជនត្រូវចោទម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ជាប់ពាក់ពន្ធ័នឹងអំពីឃាតកម្ម ដោយព្រួតគ្នា កាប់សម្លាប់បុរសម្នាក់ បណ្តាលអោយស្លាប់នៅកន្លែងធ្វើចត្តាឡីស័ក ប្រព្រឹត្តនៅស្ថិតក្នុង ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីឃាតកម្មខាងលើ កើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១ និង៣៨ នាទី នៅចំណុចមណ្ឌលធ្វើចត្តាឡីស័ក ( អតីតរោងចក្រម្សៅមី ) ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ មាន ១-ឈ្មោះ ម៉ៅ ស៊ីណា ភេទប្រុស អាយុ ២៩ ឆ្នាំ មាន ទីលំនៅភូមិអង្ក្រង ឃុំអង្ក្រង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ២ ឈ្មោះ លី សុខា ភេទប្រុស អាយុ ២៩ ឆ្នាំ មាន ទីលំនៅ ភូមិអូបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ( រត់គេចខ្លួន ) ។ ៣. ឈ្មោះ ទិន ស៊ីញៀន ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង ( រត់គេចខ្លួន ) ។
ពួកគេត្រូវបានជាប់ចោទពីបទ: សមគំនិតក្នុងអំពើឃាតកម្ម តាមបញ្ញត្តិមាត្រា ២៩ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។
ចំណែក ជនរងគ្រោះឈ្មោះ ជេ ជាក់ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិស្វាយខ្មៅ ឃុំពន្លៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ស្នាក់នៅធ្វើចត្តាឡីស័ក ក្នុងមណ្ឌលជាមួយគ្នា ។
បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កំពុងតែស្វែងរកតាមចាប់ជនដៃដល់ ២នាក់ទៀត ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

