ភ្នំពេញ ៖ ប្រជាពលរដ្ឋបានធ្វើការរិះគន់ ទៅលើមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល ដែលចុះវាស់ដីធ្វើប្លង់ជាប្រព័ន្ធ យកលុយពីប្រជាពលរដ្ឋស្រេចតែទំនើងចិត្ត ដោយក្នុងម្នាក់ៗអស់ចាប់ពី ១០០ដុល្លារ ទៅដល់២.០០០ដុល្លារ ដើម្បីជាថ្នូរនិងចុះវាស់វែងដី កែសម្រួលឯកសារខុសថ្ងៃខែឆ្នាំកំណើត ឱ្យត្រូវតាមបែបបទរដ្ឋបាល ដីបាត់ឯកសារ អវត្តមានអ្នកជាប់ព្រំ ឬពន្យាពេល យកលុយពីអ្នកប្រញាប់ លួចធ្វើលិខិតផ្ទេរ កម្មសិទ្ធ ពីអ្នកលក់ទៅអ្នកទិញ និងបំពេញឯកសារផ្សេងៗជាដើម។

ប្រជាពលរដ្ឋបានបន្តថា បើប្រជាពលរដ្ឋមិនព្រមបង់លុយតាមការទាមទារទេ គឺក្រុមមន្ត្រីនិងទុកដីមិនទាន់វាស់ ឬផ្អឹមឯកសារទុក ដោយហេតុផលថា៖ ខ្វះនេះខ្វះនោះ ខុសនេះខុសនោះមិនចេះត្រូវ។
ប្រជាពលរដ្ឋរនៅស្រុកខ្សាច់កណ្ដាល បានប្រតិកម្មនិងរិះគន់ ទៅលើការបម្រើសេវាសាធារណៈ មិនត្រឹមត្រូវ និងគ្មានតម្លាភាព ពីសំណាក់មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល ទាំងការវាស់ដីធ្វើប្លង់ទន់សម្រាប់ផ្ទេរកម្មសិទ្ធ និងការវាស់ដីធ្វើប្លង់រឹងជាប្រព័ន្ធ។
ប្រភពបានបញ្ជាក់ថា ការលួចធ្វើឯកសារផ្ទេរកម្មសិទ្ធិបញ្ចូលឈ្មោះពីអ្នកលក់ទៅអ្នកទិញដោយអូតូម៉ាទិច មិនចាំបាច់បង់ពន្ធប្រថាប់ត្រា ដោយក្នុង១ប្លង់ៗចាប់ពី៥០០ដុល្លារ ទៅ២.០០០ដុល្លារ តាមដីតូចឬធំ។ ដីបាត់ឯកសារ កេរ្តិ៍មរតកពីឪពុកម្ដាយមកកូន ឬដីមរតក ដែលឪពុកម្ដាយឬជីតាស្លាប់បាត់។ ដីកម្មសិទ្ធិស្របច្បាប់ក៏យកលុយដែរ។ ដីកម្មសិទ្ធិទិញទុកយូឆ្នាំ ដីទើបទិញ ២ទៅ៣ឆ្នាំ អវត្តមានអ្នកជាប់ព្រំអវត្តមានប្ដីឬប្រពន្ធ។ ប្ដីប្រពន្ធលែងលះគ្នា ឯកសារខុសថ្ងៃខែឆ្នាំកំណើត ប្ដីប្រពន្ធដែលពុំមានសំបុត្រអាពាណ៍ពិពាណ៍ ឬតម្រូវឱ្យបង្ហាញវត្តមានអ្នកពាក់ព័ន្ធ នៅចំពោះមុខមន្ត្រីជាដើម។ល។ ហើយបើមិនអោយលុយមន្ត្រីទេ ឯកសារមិនចេះត្រូវ មិនចេះគ្រប់ឡើយ ដោយខ្វះនេះខ្វះនោះរុញទៅនេះ រុញទៅនោះ ទុកឯកសារចោលជាដើម។

បើតាមប្រភពដដែលបានបង្ហាញថា ជាក់ស្ដែងទី១៖ ឈ្មោះ គី ម៉ៅ នៅភូមិទួលពង្រ ឃុំស៊ីធរ អស់១០០ដុល្លារ ក្បាល១០ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ។
២៖ ឈ្មោះ គី ម៉ៅ នៅភូមិទួលពង្រ ឃុំស៊ីធរ អស់.១០០ដុល្លារ ដីក្បាល១០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ។
៣៖ ឈ្មោះ គី ម៉ៅ នៅភូមិទួលពង្រ ឃុំស៊ីធរ អស់.៥០.០០០រៀល ដីលំនៅដ្ឋាន។
៤៖ ឈ្លោះ ស. ប. នៅភូមិទួលពង្រ ឃុំស៊ីធរ អស់៥០០ដុល្លារ ដីជិតកន្លះហិកតា បញ្ចូលឈ្មោះទៅអ្នកទិញ។
៥៖ ឈ្មោះ ថន ដេត នៅភូមិទួលពង្រ ឃុំស៊ីធរ អស់៥០ដុល្លារ ដីក្បាល២៥ម៉ែត្របណ្ដោយ១០០ម៉ែត្រ។
៦៖ ឈ្មោះ ធី រ៉ាន់ ដីនៅភូមិទួលពង្រ ឃុំស៊ីធរ អស់២០០ដុល្លារ ដីទំហំ១០អា។
៧៖ ឈ្មោះ អាត ចន្ថា នៅភូមិទួលពង្រ ឃុំស៊ីធរ អស់១០០ដុល្លារ ដីជិតកន្លះហិកតា។
៨៖ ឈ្មោះ ធី ឡន នៅភូមិទួលពង្រ ឃុំស៊ីធរ ប្ដូរឈ្មោះឱ្យកូនអស់ ១២០.០០០រៀល។
៩៖ ឈ្មោះ យឹម អ៊ីម នៅភូមិទួលពង្រ ឃុំស៊ីធរ ប្ដូរឈ្មោះឱ្យកូនអស់ ១០០.០០០រៀល។
១០៖ ឈ្មោះ រ៉ាត់ លាភ នៅភូមិទួលពង្រ ឃុំស៊ីធរ អស់៣០០ដុល្លារ ដីក្បាល១០ម៉ែត្របណ្ដោយ២០ម៉ែត្រ។
១១៖ ឈ្មោះ ហ៊ន វ៉ៃ នៅភូមិទួលពង្រ ឃុំស៊ីធរ អស់៣៥០ដុល្លារ ដីលំនៅដ្ឋាននិងដីស្រែ។
១២៖ ឈ្មោះ ស៊ុ វ័ន្ត នៅភូមិទួលពង្រ ឃុំស៊ីធរ អស់១០០ដុល្លារ ដីក្បាល១០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ។
១៣៖ ឈ្មោះ ឃឿន យឺន ដីនៅភូមិមេបាន់ ឃុំស៊ីធរ អស់២៥០.០០០រៀល។
១៤៖ ឈ្មោះ រ៉ាន់ មុំ នៅភូមិទួលពង្រ ឃុំស៊ីធរ អស់៥០,០០០រៀល។
១៥៖ ឈ្មោះ លីណា ដីនៅភូមិមេបាន់ ឃុំស៊ីធរ អស់៣០០ដុល្លារ ដីទំហំ៣០អា។
១៦៖ ឈ្មោះ ឆាត សារ៉ាយ នៅភូមិមេបាន់ ឃុំស៊ីធរ អស់២៥០ដុល្លារ ដីទំហំ៣០អា ខណៈដំបូងមន្ត្រីទារ៥០០ដុល្លារ។
១៧៖ ឈ្មោះ ឈុន បូ នៅភូមិមេបាន់ ឃុំស៊ីធរ អស់៣៥០ដុល្លារ ដីក្បាល៤០ម៉ែត្របណ្ដោយ៦០ម៉ែត្រ ខណៈដំបូងមន្ត្រីទារ៥០០ដុល្លារ។
១៨៖ ឈ្មោះ ហួន សៀន នៅភូមិព្រៃបាំង ឃុំស៊ីធរ អស់១០០ដុល្លារ គេមិនទាន់ចុះវាស់មិនទាន់បានបង្កាន់ដៃ។
១៩៖ ឈ្មោះ សឿន យី ដីចែកមរតក ឱ្យកូន នៅភូមិព្រៃបាំង ឃុំស៊ីធរ អស់៣០០ដុល្លារ ខណៈដំបូងមន្ត្រីទារ១.០០០ដុល្លារឯណោះ។
២០៖ ឈ្មោះ មីងលិ នៅភូមិស៊ីធរកើត ឃុំស៊ីធរ អស់៣០០ដុល្លារ ដីទំហំ២០អា។
២១៖ ឈ្មោះ ងីម នៅភូមិស៊ីធរកើត ឃុំស៊ីធរ អស់២០០ដុល្លារ ដីទំហំ២០អា។
២២៖ ឈ្មោះ រ៉េត សំ នៅភូមិស្វាយមាស ឃុំវិហារសួគ៌ អស់១៥០ដុល្លារ ដីមរតកចែកឱ្យកូន ខណៈដំបូងមន្ត្រីទារ៤០០ដុល្លារ។
២៣៖ ឈ្មោះ ពុធ វន្ថា នៅភូមិតាកែវទី១ ឃុំវិហារសួគ៌ អស់៤០០ដុល្លារ ដីក្បាល៥ម៉ែត្របណ្ដោយ២០ម៉ែត្រ។
២៤៖ ឈ្មោះ សំ ថានី នៅភូមិតាកែវទី១ ឃុំវិហារសួគ៌ អស់៤០០ដុល្លារ ដីក្បាល៥ម៉ែត្របណ្ដោយ២០ម៉ែត្រ។

ចំណែកលោក សុខ កាន់រឹទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ខេត្តកណ្ដាល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជាគោលការណ៍ គឺពុំតម្រូវឱ្យយកលុយ ពីប្រជាពលរដ្ឋនោះទេ ដោយលោករុញឱ្យទៅសួរលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល។
លោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានអះអាងថា លោកពុំមានការយកលុយទេ អាចមានអ្នករត់ការ យកចំណេញពីលើប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





