ភ្នំពេញ ៖ អាពាហ៍ពិពាហ៍ក្រោមរបបអាវខ្មៅ ជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះឡើយ, ពោលគឺ ឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។

នេះជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងវេលាដល់ខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ (៥ មករា ១៩៧៦ – ៥ មករា ២០២២)។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ ក្នុងសម័យសង្រ្គាម គឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។
ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
ដែលយើងត្រូវតស៊ូផ្ដួលរំលំ ដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។
ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (គឺម៉ាណែត) ហៅខ្ញុំថា ពូ អស់រយៈពេល២ខែ។ ទាំងនេះ គឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើង សម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។

“ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំ និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រាន មានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ (ពេលនោះខ្ញុំមានអាយុ២៤ឆ្នាំ ឯភរិយាខ្ញុំអាយុ២២ឆ្នាំ) រហូតមកដល់ពេលនេះ យើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ច ចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់។
សៀវភៅគូព្រេងមិនព្រាត់ដែលខ្ញុំសរសេរ រៀបរាប់ពីជិវិតប្តី-ប្រពន្ធរបស់ខ្ញុំ ត្រូវបានបោះពុម្ភជាភាសាខ្មែរ អង់គ្លេស និងចិន។
ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ក៍ចាប់ផ្តើមថតហើយដែរ ដែលអាចប្រើរយៈពេល១៤ខែ ទើបអាចបញ្ចប់បាន ព្រោះជារឿងភាគដែលវែង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













