ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។ នេះបើតាមអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

តាមអនុក្រឹត្យនេះ ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ នៅតាមតំបន់ទេសចរណ៍អាទិភាព ត្រូវមានអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ. អ. ទ. ស.។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម ៖ ១) តំបន់ឧទ្យានជាតិភ្នំគូលែន, ២) តំបន់ទេសចរណ៍ ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
, ៣) តំបន់បេតិកភណ្ឌអង្គរ , ៤) តំបន់ក្រុងសៀមរាប , ៥) តំបន់បឹងទន្លេសាប និង៦) តំបន់ទេសចរណ៍សៀមរាបថ្មី។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ មាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងមានអនុប្រធាន៣រូប ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី























